(តូក្យូ)៖ ទីបំផុត​​សភាជប៉ុន​នៅថ្ងៃសុក្រនេះ បានយល់ព្រម​អនុម័តហើយ លើច្បាប់ដែល​អនុញ្ញាតឱ្យព្រះចៅ​អធិរាជជប៉ុន Akihito ដាក់រាជ្យ និងផ្ទេរ​ព្រះរាជកិច្ចដល់បុត្រារបស់ទ្រង់ ​គឺព្រះអង្គម្ចាស់ Naruhito ហើយផ្អែក​លើច្បាប់ថ្មីនេះ ព្រះចៅអធិរាជ Akihito នឹងក្លាយជាអធិរាជ​ជប៉ុនដំបូងគេបំផុត ដែលដាក់រាជ្យ​គិតត្រឹមរយៈ​ពេលជាង ២០០ឆ្នាំមកនេះ។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែមិថុនា ឆ្នាំ២០១៧។

ការអនុម័តខាងលើនេះ​បានកើតមានឡើងបន្ទាប់ពី គណៈរដ្ឋមន្ត្រី​របស់​នាយករដ្ឋ​មន្ត្រីជប៉ុន លោក ស៊ីនហ្សូ កាលពីថ្ងៃសុក្រ ទី១៩ ខែឧសភា បានអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដែលនឹងអនុញ្ញាតឲ្យ​​ព្រះចៅអធិរាជជប៉ុន Akihito ដាក់រាជ្យជាផ្លូវការពី​រាជបល្ល័ង្ក Chrysanthemum ហើយសេចក្តីព្រាងនោះ ត្រូវបានផ្ញើទៅកាន់សភា​ធ្វើការសម្រេចជាចុងក្រោយ។ លោក Yoshihide Suga ប្រធានគណៈរដ្ឋមន្ត្រី​ជប៉ុន​បានប្រាប់អ្នកសារព័ត៌មាននានា នៅគ្រានោះថា «សេចក្តីសម្រេច​យ៉ាងណានោះ គឺត្រូវរង់ចាំការតស៊ូមតិ​ក្នុងសភាជា​មុនសិន និងធ្វើការអនុម័តបន្ទាប់ពីនោះ»។

គួរបញ្ជាក់ថា ព្រះចៅអធិរាជជប៉ុន Akihito មានព្រះជន្មាយុ ៨៣វស្សា​ទៅហើយ ដោយទ្រង់បានឡើងគ្រងរាជសម្បត្តិ​កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៨៩ បន្តពីព្រះចៅអធិរាជ Showa។ ព្រះអង្គក៏មាន​ព្រះបុត្រាស្នងរាជ្យ​មួយអង្គផងដែរ ព្រះនាម Naruhito។ ការចង់ដាក់រាជ្យរបស់ព្រះអង្គនេះ ក៏ព្រោះតែ​បញ្ហាសុខភាពកាន់​តែទ្រុឌទ្រោម​ ដែលមិនអាចតស៊ូព្រះកាយ នឹងរាជកិច្ចជាច្រើន​តទៀតបាន ប៉ុន្តែតាមច្បាប់របស់​រាជវង្សជប៉ុន មិនអាចមាន​ផ្លូវណាមួយឲ្យ​ព្រះអង្គដាក់រាជ្យ​នោះឡើយ ទើបគណៈរដ្ឋមន្ត្រី​ជប៉ុនចាប់ផ្តើមគិតគូរ​សម្រួលច្បាប់ឡើងវិញ រហូតមានយល់ព្រមអនុម័តពីរដ្ឋសភាដូចពេលនេះ៕