(អ៊ីតាលី)៖ បណ្តាប្រទេស G7 រួមមានទាំងសហរដ្ឋអាមេរិកផងដែរនោះ បានឲ្យដឹងនាថ្ងៃសោរ៍នេះថា ពួកគេបានត្រៀមលក្ខណៈរួចជា​ស្រេចដើម្បី​បង្កើនក៏ដូចជារឹងបន្តឹងទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ីពាក់ព័ន្ធនឹងការកាត់យកតំបន់គ្រីមៀ បើសិនជាសកម្មភាពក៏​ដូច​ជា​ទង្វើ​របស់​រដ្ឋា​ភិបាលទីក្រុងម៉ូស្គូ តម្រូវឲ្យធ្វើយ៉ាងដូច្នោះនោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានបារាំង AFP នៅ​យប់​ថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។

សមាជិក G7 ទាំងអស់បានចេញសេចក្តីថ្លែងការណ៍រួមមួយថា «ពួកយើងសូមរំលឹកថារយៈពេលនៃការដាក់ទណ្ឌកម្មលើរុស្ស៊ីពាក់ព័ន្ធ​នឹង​តំបន់គ្រីមៀ វាស្រ័យលើការអនុវត្តន៍របស់ទីក្រុងម៉ូស្គូទៅលើការបេ្តជ្ញារបស់ខ្លួន នៅក្នុងកិច្ចព្រមព្រៀងទីក្រុង Minsk ព្រមទាំងការគោរព​របស់រុស្ស៊ីចំពោះអធិបតេយ្យរដ្ឋរបស់អ៊ុយក្រែន។ ទណ្ឌកម្មទាំងនោះអាចត្រូវបានដកចេញវិញ បើសិនជារុស្ស៊ីធ្វើតាមការប្តេជ្ញារបស់ខ្លូន តែយើងក៏បានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីបន្តចាត់វិធានធ្ងន់ៗបន្ថែមទៀតផងដែរ ដើម្បីសិនជាទង្វើរបស់ទីក្រុងម៉ូស្គូតម្រូវឲ្យធ្វើ​យ៉ងដូច្នោះនោះ»

គួរបញ្ជាក់ថា ថ្ងៃសៅរ៍ ទី២៧ ខែឧសភានេះ គឺថ្ងៃចុងក្រោយហើយនៃកិច្ចប្រជុំកំពូល G7 ដែលបានប្រព្រឹត្តទៅនៅក្នុងទីក្រុង Taormina លើ​កោះ Sicily ប្រទេសអ៊ីតាលី ហើយក៏ជាការបិទបញ្ចប់នៃដំណើរទស្សនកិច្ចនៅឯក្រៅប្រទេស រយៈពេលមួយសប្តាហ៍ របស់​ប្រ​ធា​នា​​ធិប​តី​​អាមេរិកលោក ដូណាល់ ត្រាំ ផងដែរ៕