(អាហ្វហ្គានីស្ថាន)៖ យ៉ាងហោចណាស់មនុស្ស ១៨នាក់ស្លាប់ និង០៦នាក់ផ្សេងទៀតបានទទួលរង​របួស ក្នុងករណីបំផ្ទុះរថយន្តនៅក្នុងចំណោមមនុស្សម្នាកកកុញ នៅទីក្រុង Khost ភាគខាងកើត​ប្រទេស​អាហ្វហ្គានីស្ថានក្នុងថ្ងៃសៅរ៍នេះតែម្តង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារ​ព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។

ការវាយប្រហារខាងលើនេះ គឺសំដៅទៅលើកងកម្លាំងការពារសន្តិសុខក្នុងតំបន់ ដែលកំពុងដង្ហែក្បួននៅតាម​ដងផ្លូវ ហើយក៏ត្រូវបានរងគ្រោះ​ដោយការបំផ្ទុះរថយន្តតែម្តង។ ដោយឡែកជនស៊ីវិលនៅក្បែរខាង ក៏បាន​ទទួលរងគ្រោះថ្នាក់ ជាមួយកងកម្លាំងសន្តិសុខទាំងនោះផងដែរ។ សាក្សីបានអះអាងថា ការផ្ទុះបានកើតឡើងនៅ​ចំណតរថយន្តតាក់ស៊ី ហើយកងកម្លាំងរក្សាសន្តិសុខខាងលើនេះ បានគ្រោងធ្វើដំណើរឆ្ពោះទៅជុំរុំយោធា Chapman របស់សហរដ្ឋអាមេរិក និងអង្គការ NATO ដែលស្ថិតនៅជាយក្រុងខាងលើ។

រហូតមកដល់ពេលនេះ ពុំទាន់មានក្រុមណាមួយ​ចេញមុខអះអាងថា ជាអ្នកស្ថិតនៅពីក្រោយការបំផ្ទុះរថយន្ត​ខាងលើនេះឡើយ ប៉ុន្តែកាលពីថ្ងៃសុក្រ​ម្សិលមិញនេះ មនុស្សយ៉ាង​ហោចណាស់ ២៥នាក់ ក្នុងនោះរួមមានទាំង​កងទ័ព១៨នាក់ និងក្រុមអ្នក​ប្រយុទ្ធ​តាលីបង់ ០៧នាក់ បានស្លាប់នៅក្នុង​ការវាយឆ្មក់មួយ​របស់ក្រុមឧទ្ទាម​តាលីបង់ មកលើមូលដ្ឋានកងទ័ព​អាហ្វហ្គានីស្ថាន​នៅខេត្ត Kandahar ៕