(វ៉ាស៊ីនតោន)៖ អ្នកដំណើរម្នាក់លើយន្តហោះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ (ម៉ោងនៅអាមេរិក) បន្ទាប់ពីបុគ្គល​ម្នាក់​នោះ បានព្យាយាមប្រើធ្មេញខាំ​បុគ្គលិកបម្រើការ​លើនោះ ហើយក៏បាន​បើកទ្វាររួចលោតចេញ​ពីលើយន្តហោះ នៅ​ឯ​អាកាស​យាន​ដ្ឋាន​​មួយ​កន្លែង​ក្នុងរដ្ឋ North Carolina សហរដ្ឋអាមេរិក។ នេះបើតាមការ​ចេញផ្សាយដោយ​ ស្ថានីយ៍ទូរទស្សន៍ CNN នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។

ស្របពេលដែល​យន្តហោះដឹកអ្នកដំណើរ​ក្នុងតំបន់ មួយគ្រឿងធុន Bombardier CRJ-200 របស់ក្រុមហ៊ុន​អាកាសចរណ៍​អាមេរិក American Airlines ​បានចាប់​ផ្តើម​​រំកិលឆ្ពោះ​ទៅ​កាន់​ផ្លូវហោះហើរ នៅឯអាកាសយានដ្ឋាន​អន្តរជាតិ Charlotte Douglas ដើម្បី​ត្រៀម​រៀប​ចំ​​ហោះ​ចាក​​ចេញ​នោះ អ្នកដំណើរម្នាក់​ឈ្មោះ Tun Lon Sein បានងើបចេញពីកន្លែងអង្គុយ​របស់លោក ហើយដើរសំដៅ​ទៅកាន់ទ្វារ​របស់យន្តហោះ​​​ ដើម្បីព្យាយាមបើកវា ក៏ប៉ុន្តែត្រូវ​បានបញ្ឈប់សកម្មភាព​ដោយបុគ្គលិក​បម្រើការលើ​យន្តហោះ។

ក្រោយមកទៀត លោក Sein ក៏​បានប៉ុនប៉ង​ខាំ​បុគ្គលិកយន្តហោះ​ម្នាក់នោះ រួចស្ទុះទៅបើកទ្វារ​មួយផ្សេងទៀត​ ហើយក៏លោតចេញពីលើយន្តហោះបាន​សម្រេច។ ភ្លាមៗ​នោះ​លោក​ក៏​ត្រូវ​បាន​ក្រុមការងារ​ប្រចាំព្រលានយន្តហោះ​ឃាត់ខ្លួន រួចនាំយកទៅ​កាន់មន្ទីរពេទ្យ​ដើម្បីព្យាបាល​របួសស្នាម។

អាជ្ញាធរអាមេរិកបានឲ្យដឹងថា ដោយសារតែ លោក Tun Lon Sein អាចនិយាយ​ភាសាអង់គ្លេស​បានតិចតួចបំផុត​នោះ ពួកគេមិនដឹងអំពី​មូលហេតុដែល​បានបណ្តាលឲ្យ​រូបលោក​ប្រព្រឹត្តទង្វើបែបនេះ​ឡើយ ប៉ុន្តែបានអះអាងថា មុនពេលកើតហេតុ​លោក Sein បានយល់ច្បាស់​​អំ​ពី​ការ​​ណែ​​នាំ​​​របស់​បុគ្គលិកបម្រើ​លើយន្តហោះ និងធ្លាប់បានធ្វើ​ដំណើរតាមយន្តហោះ​កាលពីពេលកន្លង​មកផងដែរ។

គួរបញ្ជាក់ថា យ៉ាងណាមិញ​លោក Tun Lon Sein ត្រូវបានចោទ​ប្រកាន់ពីបទបង្ក​បញ្ហា ដល់ក្រុមការងារ​នៅលើយន្តហោះ​ដឹកអ្នកដំណើរ ក៏ប៉ុន្តែសវនាការ​របស់លោក​ត្រូវបានពន្យាពេល​ ដោយសារតែបញ្ហា​នៃការបកប្រែ​ហើយ លោក Sein នឹងត្រូវបង្ហាញខ្លួន​នៅចំពោះមុខ​​តុលាការ​ សាជាថ្មីនៅថ្ងៃទី០១ ខែមិថុនាខាង​មុខនេះ៕