(វ៉ាស៊ីនតោន)៖ កូនប្រុសរបស់​ព្រឹទ្ធសមាជិក​ប្រចាំរដ្ឋ Virginia និងជាអតីតបេក្ខភាព​អនុប្រធានាធិបតី​របស់ លោកស្រី ហ៊ីលឡារី គ្លីនតុន ត្រូវបានចោទប្រកាន់​ពីបទល្មើសមជ្ឈិម​នៅក្នុងរដ្ឋ Minnesota បន្ទាប់ពីមាន​រឿង​ហេតុកើតឡើង​ នៅកន្លែងជួបជុំ​មួយនៃអ្នកគាំទ្រ លោក ដូណាល់ ត្រាំ កាលពីខែមីនា​កន្លងទៅ។ នេះបើតាម​ការចេញផ្សាយ​ដោយ​ ស្ថានីយ៍ទូរទស្សន៍ CNN នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។

លោក Linwood Michael Kaine ដែលជាកូនប្រុសពៅ​របស់លោក Tim Kaine នាថ្ងៃសុក្រ​សប្តាហ៍នេះ (ម៉ោងអាមេរិក) ត្រូវបានរដ្ឋអាជ្ញា​​​ធ្វើការចោទប្រកាន់​ជាផ្លូវការ ពីបទល្មើស​ជាច្រើនរួមមាន​ការរត់គេចខ្លួន, ការបិទបាំង​អត្តសញ្ញាណ​នៅទីសាធារណៈ, និងការបង្កភាព​រាំងស្ទះ​ដល់ការអនុវត្តន៍ច្បាប់ តាមរយៈការចូល​ជ្រៀតជ្រែក​ក្នុងកិច្ចការអាជ្ញាធរ។ បទល្មើសចុង​ក្រោយគេនេះ អាចប្រឈម​​នឹង​ការ​ផ្តន្ទា​ទោស​​រហូត​ដល់មួយឆ្នាំ​នៅក្នុងពន្ធនាគារ និងប្រាក់​ពិន័យ ៣,០០០ដុល្លារ។

រដ្ឋអាជ្ញាតំបន់ Ramsey នៃខេត្ត Minnesota លោក John Choi បានឲ្យដឹងថា ក្រុមអ្នកតវ៉ា​មួយចំនួនប្រឆាំង​ការជួបជុំរបស់​ក្រុមអ្នកគាំទ្រ​ លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី០៤ ខែមីនា​កន្លងទៅ ប្រដាប់ដោយ​សម្ភារៈបិទមុខ​និងក្បាល បានព្យាយាម​សម្រុកចូលទៅក្នុង​ទីកន្លែង​នៃការជួបជុំ​នោះ ហើយពួកគេ​បានប្រើប្រាស់​គ្រាប់បែកផ្សែង កាំជ្រួច និងវត្ថុផ្សេងៗទៀត ដែលបានបង្ក​ជាស្ថានភាពគ្រោះ​ថ្នាក់ និង​វឹកវរ​ជាទីបំផុត។

ក្រោយមកទៀត​ក្រុមមនុស្សទាំងនោះ​បានរត់គេច តែត្រូវឃាត់ខ្លួន​បានដោយសមត្ថកិច្ច។ ខណៈពេលនោះ លោក Linwood Kaine ដែលរស់នៅ​ក្នុងទីក្រុង Minneapolis បានបន្តរត់គេច​ពីមន្រ្តី​ប៉ូលិសម្នាក់ នៅមុនមន្រ្តីប៉ូលិស​ប៉ុន្មានរូបទៀត​បានព្រួតគ្នា​​​​បង្ក្រាប លោក Linwood បន្ទាប់ពីបាន​វាយប្រតាយ​ប្រតប់គ្នា។

គួរបញ្ជាក់ថា ជាមួយគ្នានោះមនុស្សចំនួន០៧នាក់​ផ្សេងទៀត ក៏បានទទួលការចោទប្រកាន់​បទល្មើស​មជ្ឈិមផងដែរ ហើយពីរនាក់​នៅក្នុង​ចំណោមនោះ​ ត្រូវបានចោទប្រកាន់ពី​បទល្មើសឧក្រិដ្ឋ៕