(អង់គ្លេស)៖ តារាប៉ុបដ៏ល្បីល្បាញ​នៅអាមេរិក នាង Ariana Grande ដែលទើបរងភាពភ័យរន្ធត់​ឥតឧបមា​ដោយសារតែការ​បំផ្ទុះគ្រាប់បែក​ក្នុងការប្រគុំតន្ត្រី​របស់នាង នៅទីក្រុង Manchester កាលពីយប់ថ្ងៃចន្ទ​ដើមសប្តាហ៍នេះ​បានអះអាងថា នាងនឹងត្រឡប់​មកកាន់ទីនេះ​ម្តងទៀត ដើម្បីធ្វើការប្រគុំ​តន្ត្រីជាថ្មី ប៉ុន្តែនឹងជាតន្ត្រី​នៃការរៃអង្គាសប្រាក់ សម្រាប់ជួយដល់​ជនរងគ្រោះ និងក្រុមគ្រួសារ​ជនរងគ្រោះ​ទាំងអស់។ នេះបើតាម​ការចេញផ្សាយ​ដោយ The Guardian នាព្រឹក​ថ្ងៃសៅរ៍ ទី២៧ ខែឧសភា ឆ្នាំ២០១៧។

តារាចម្រៀងម្ចាស់បទ Focus រូបនេះបាននិយាយថា «ខ្ញុំសូមសម្តែងនូវការបួងសួង និងសមានទុក្ខយ៉ាង​ជ្រាលជ្រៅអស់ពីបេះដូង ជូនចំពោះជនរងគ្រោះទាំងអស់ ដោយសារការបំផ្ទុះគ្រាប់បែក»។ អ្នកចាត់ចែង​កម្មវិធីរបស់នាង​បានបញ្ជាក់ថា Ariana មានសេចក្តីក្លាហាន និងកំពុងរៀបចំ​គំរោងធ្វើដំណើរទៅ Manchester ជាថ្មីម្តងទៀត ដើម្បីប្រារព្ធការ​ប្រគុំតន្ត្រី ដើម្បីរៃអង្គាសប្រាក់​សម្រាប់ជួយជនរងគ្រោះ​ទាំងអស់ និងក្រុមគ្រួសារ​របស់ពួកគេ។

តារាវ័យក្មេងខាងលើនេះ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «ខ្ញុំបានគិតគូរខ្លាំងណាស់ចំពោះអ្នកគាំទ្រទាំងឡាយ​របស់ខ្ញុំ និងសម្រាប់អ្នករាល់គ្នា... ខ្ញុំមិនដែលស្ងប់ចិត្តឡើយមួយសប្តាហ៍មកនេះ។ អ្វីដែលអ្នកទាំងអស់គ្នា រាប់រងចំពោះរឿងទាំងអស់ បានបណ្តាលចិត្តខ្ញុំ និងធ្វើឲ្យខ្ញុំកាន់តែមានមោទនភាព ដែលអ្នកទាំងអស់គ្នា​ពុំធ្លាប់បានដឹង។» គួរបញ្ជាក់ថា ការវាយប្រហារ​ដោយបំផ្ទុះគ្រាប់បែកអត្តឃាត នៅឯ​សាលប្រគុំតន្ត្រី Ariana Grande នៃទីក្រុង Manchester បានសម្លាប់មនុស្ស​២២នាក់ (ក្នុងនោះរួមមានទំាងកុមារ) និងរបួសសរុប៦៤នាក់៕