(វ៉ាស៊ីនតោន)៖ រយៈពេល១៣ឆ្នាំបន្ទាប់ពីបានសម្រេចចិត្តបោះបង់ចោលការសិក្សា នៅឯសាកលវិទ្យាល័យអាមេរិក Harvard ដើម្បី​​ផ្តោតការខិតខំប្រឹងប្រែងទាំងប៉ុន្មានទៅលើ Facebook នោះ លោក Mark Zuckerberg នៅទីបំផុត​អាចនិយាយបានថា ​ទទួល​បាន​សញ្ញា​ប័ត្រ​របស់​លោក​ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៧។

មហាសេដ្ឋីវ័យ៣៣ឆ្នាំរូបនេះ បានឈានជើងវិលត្រឡប់ទៅកាន់សាកលវិទ្យាល័យ Harvard ដែលជាទីកន្លែងកំណើតរបស់​បណ្តាញ​ទំនាក់ទំនងសង្គមដ៏ធំជាងគេបំផុតនៅពិភពលោកវិញ ជាមួយការទទួលសញ្ញាប័ត្រកិត្តិយស និងការថ្លែងសុន្ទរកថាបើកកម្មវិធីទទួល​សញ្ញាប័ត្រសម្រាប់និស្សិតដែលបញ្ចប់ការសិក្សានៅឆ្នាំ២០១៧នេះ។

គួរបញ្ជាក់ថា លោក Mark Zuckerberg បានចាកចេញពីសាកលវិទ្យាល័យ Harvard កាលពីខែឧសភា ឆ្នាំ២០០៤ បន្ទាប់ពីរូបលោក​បានចាប់ផ្តើមដំណើរការវែបសាយ Facebook ជាមួយមិត្តភក្តិប៉ុន្មានរូបទៀត កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំដដែល។ មកទល់ពេល​នេះ​ Facebook ដែលកំពុងស្ថិតនៅក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំៗបំផុតនោះ មានចំនួនអ្នកប្រើប្រាស់កើនឡើងដល់ទៅជិត​ពីរ​ពាន់លាន​នាក់ នៅ​ជុំ​វិញពិភពលោក និងជាប់ឈ្មោះជាស្លាកយីហោ ដែលមានតម្លៃខ្ពស់ជាងគេទីបួនផងដែរ។ រីឯលោក Zuckerberg វិញ​​កំពុង​ឈរឈ្មោះនៅក្នុងលេខរៀងទី០៥ នៃបុគ្គលដែលមានជាងគេបង្អស់ ជាមួយនិងទ្រព្យសម្បត្តិប្រមាណជា៦៤.២ពាន់លានដុល្លារ៕