(អង់ការ៉ា)៖ កងកម្លាំងសន្តិសុខតួកគី បានសម្លាប់ក្រុមសកម្មប្រយុទ្ធគណបក្សពលករឃើដ PKK ២៩នាក់ នៅក្នុងប្រតិបត្តិការមួយ នៅឯតំបន់ភ្នំភាគខាងកើតនៃខេត្ត Agri និងខេត្ត Van។ នេះបើតាមសម្តីមន្ត្រី​នៅក្នុងតំបន់ ដកស្រង់ដោយ​សារព័ត៌មាន Sputnik​ នៅរសៀលថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។​

ក្រុមមន្ត្រីដដែល​បានឱ្យដឹងទៀតថា កងទ័ពតួកគី​០៣នាក់ និងឆ្មាំការពារ​ម្នាក់ ក៏ត្រូវបាន​សម្លាប់នៅក្នុង​ប្រតិបត្តិការ​នេះដែរ នៅក្នុងប្រតិបត្តិការវាយលុក ដែលធ្វើឡើងនៅតំបន់ភ្នំ Tendurek ស្ថិតនៅតាមណ្ដាយព្រំដែននៃខេត្តទំាងពីរ ជាប់ព្រំដែនជាមួយប្រទេសអ៊ីរ៉ង់។

គួរបញ្ជាក់ថា បទឈប់បាញ់​រវាងកងកម្លាំង​រដ្ឋាភិបាលតួកគី និងក្រុម​សកម្មប្រយុទ្ធ PK​K​ ត្រូវបាន​លុបចោល​កាលពីខែកក្កដា ឆ្នាំ២០១៥ រីឯ តំបន់នៅ​ភាគអាគ្នយ៍នៃ​ប្រទេស សម្បូរដោយជនអម្បូរឃើដ បានស្គាល់ភាពវឹកវរ និងអំពើហិង្សាចាប់តាំង​ពីឆ្នាំ១៩៨៤​មកម្លេះ។ មួយវិញទៀត គិតមកទល់ពេលនេះ មនុស្សច្រើន​ជាង ៤០,០០០នាក់ហើយ​ ភាគច្រើនជាជន​អម្បូរឃើដ បានស្លាប់​នៅក្នុងជម្លោះ​រវាងកងកម្លាំង​តួកគី និងក្រុម​សកម្មប្រយុទ្ធឃើដ PKK ដែលត្រូវបាន​ទីក្រុងអង់ការ៉ា ចាត់ទុកថាជាក្រុមអង្គការ​ភេរវករ៕