(ប៉េកាំង)៖ អតីតទីប្រឹក្សានយោបាយជាន់ខ្ពស់មួយរូប ប្រចាំនៅតំបន់ស្វយ័តម៉ុងហ្គោលី (ខេត្តចិនជាប់​ប្រទេសម៉ុងហ្គោលី) នៃភាគខាងជើងប្រទេស ត្រូវបានកាត់ទោស​ប្រហារជីវិត​ដោយតុលាការកំពូលចិន ជុំវិញបទល្មើស​ទទួលសំណូក​សូកប៉ាន់ និងមនុស្ស​ឃាត។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារ​ព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។

លោក Zhao Liping ធ្លាប់បានទទួល​សំណូកជា​ប្រាក់ជា ២៣លានយ័ន (៣.៤លានដុល្លារអាមេរិក) កាលពីចន្លោះ​ឆ្នាំ២០០៨ និងឆ្នាំ​២០១០ នៅពេលដែលរូបលោក​នៅកាន់តួនាទីជា​មេបញ្ជាប៉ូលិស ប្រចាំតំបន់ស្វយ័ត​ម៉ុងហ្គោលី ហើយលោកបាន​​សម្លាប់​ជីវិត​នារីវ័យក្មេង​ម្នាក់​​កាល​ពី២០១៥។ អតីតមន្រ្តី​រដ្ឋាភិបាល​រូបនេះ ក៏បានជាប់ចោទ​ពីបទលួចលាក់អាវុធខុសច្បាប់​ផងដែរ ដែលត្រូវ​បានអាជ្ញាធរ​រកឃើញ កាលពី​អំឡុងការស៊ើបអង្កេត​ទៅលើរូបលោក ខណៈតុលាការ​បានសម្រេច​ផ្តន្ទាទោសប្រហារជីវិត​ ទៅលើរូបលោក​កាលពីចុង​ឆ្នាំ២០១៦។

គួរបញ្ជាក់ថា ទោសប្រហារជីវិត​នៅក្នុងប្រទេសចិន ត្រូវបានដាក់ចេញ​នៅក្នុងមាត្រ ៤៦នៃក្រមព្រហ្មទណ្ឌ ភាគច្រើនជា​មួយនិងសំណុំ​រឿងរត់ពន្ធ​គ្រឿងញៀន​ខុសច្បាប់។ ក៏ប៉ុន្តែនាពេលថ្មីៗអាត្រានៃ​ការកាត់ទោស​ប្រហារជីវិត បានកើនឡើងខ្លាំង​សម្រាប់រឿងក្តី​ពុករលួយ​​​នៅក្នុងប្រទេសមហាយក្ស​អាស៊ី​មួយនេះ៕​