(ឡុងដ៍)៖ ប៉ូលិសអង់គ្លេស ចាប់បានជនសង្ស័យឈានដល់ ១០នាក់ហើយ គិតត្រឹមថ្ងៃសុក្រនេះ នៅក្នុងក្របខណ្ឌស៊ើបអង្កេតពាក់ព័ន្ធនឹង ការវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាត ដែលពួក ISIS អះអាងថា ជាស្នាដៃរបស់ខ្លួននៅក្នុងទីក្រុង Manchester កាលពីយប់ថ្ងៃចន្ទ ដើមសប្តាហ៍នេះ។ នេះបើតាមការចេញ​ផ្សាយដោយសារព័ត៌មាន Sputnik​ នៅរសៀលថ្ងៃសុក្រ ទី២៥ ខែឧសភា ឆ្នាំ២០១៧។

យោងតាម​ប៉ូលិសអង់គ្លេស ជនសង្ស័យទំាង​០២នាក់ មានម្នាក់ត្រូវបានចាប់ខ្លួន​នៅក្នុងតំបន់ Withington នៃទីក្រុង Manchester ខណៈបុរសម្នាក់ទៀតត្រូវចាប់ខ្លួន នៅក្នុងទីក្រុង Manchester ដដែលនៅក្នុង​ប្រតិបត្តិការវាយឆ្មក់មួយ ហើយបើគិតមកទល់​ពេលនេះ ចំនួនជនសង្ស័យត្រូវចាប់ខ្លួនកើនដល់១០នាក់ ក្នុងនោះមានស្ត្រីម្នាក់ បន្ថែមពីនេះជនសង្ស័យពីរនាក់ចុងក្រោយ (បុរសម្នាក់ និងស្ត្រីម្នាក់) ត្រូវបានចាប់ខ្លួននៅតំបន់ Moss Side របស់ទីក្រុង Manchester។ ប៉ូលិសអង់គ្លេសអះអាងថា ជនសង្ស័យ​បន្ថែមទៀត កំពុងត្រូវបានកំណត់ទីតាំង ហើយប៉ូលិសនឹងធ្វើការចាប់ខ្លួនជាបន្តបន្ទាប់។

ប៉ូលិសអង់គ្លេស​ក៏បានបញ្ជាក់ដែរថា អត្តឃាតជន​បំផ្ទុះគ្រាប់បែក​ត្រូវគេបញ្ជាក់​អត្តសញ្ញាណថា ឈ្មោះ Salman Abedi មានអាយុ២២ឆ្នាំ ចំណែកឯ ឪពុករបស់ជនរូបនេះ​ឈ្មោះ Ramadan និងប្អូនប្រុស Hashem ត្រូវបានចាប់ឃុំខ្លួន​នៅក្នុងប្រទេស​លីប៊ី រីឯបងប្រុសឈ្មោះ Ismail ត្រូវចាប់ខ្លួន​នៅក្នុងទីក្រុង Chorlton ស្ថិតនៅភាគខាងត្បូង​ទីក្រុង Manchester កាលពីថ្ងៃអង្គារ។

គួរបញ្ជាក់ថា ការវាយប្រហារ​បំផ្ទុះគ្រាប់បែកអត្តឃាតនៅឯ​សាលប្រគុំតន្ត្រី Ariana Grande នៃទីក្រុង Manchester បានសម្លាប់មនុស្ស​២២នាក់ (ក្នុងនោះរួមមានទំាងកុមារ) និងរបួសសរុប៦៤នាក់៕