(សេអ៊ូល)៖ ក្រសួង​បង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះ​បានយល់ព្រមអនុម័ត លើគំរោងរបស់​អង្គការ​សង្គមស៊ីវិល Korean Sharing Movement ដែលមានបំណង​ចង់ធ្វើទំនាក់ទំនង​ ជាមួយកូរ៉េខាងជើង ហើយនេះអាចជាសញ្ញាមួយបង្ហាញថា ទីក្រុង​សេអ៊ូលចង់ ដំណើរការឡើងវិញ​នូវការផ្លាស់ប្ដូរទំនាក់ទំនងអន្តរកូរ៉េ ប្រកបដោយភាពវិជ្ជមាន។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ យ៉ុនហាប់ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។

ជាមួយគ្នា​នោះដែរ បើតាមគំរោង​ស្នើឡើងកាល​ពីដើមខែឧសភា អង្គការ Sharing Movement មានផែនការ​បើកកិច្ចពិភាក្សា​ជាមួយកូរ៉េខាងជើង ស្ដីពីលទ្ធភាព​ដំណើរការជាថ្មីនូវគំរោង​ផ្ដល់ជំនួយ និងកិច្ចសហប្រតិបត្តិការ​មនុស្សធម៌។ ដោយឡែក​កាលពីថ្ងៃទី២២ ខែឧសភា រដ្ឋាភិបាល​ទីក្រុងសេអ៊ូល បានប្រកាស​ពីបំណងអនុញ្ញាត​ឱ្យបើក​ទំនាក់ទំនងអន្តរកូរ៉េ​ឡើងវិញ នៅក្នុងក្របខណ្ឌមិនធ្វើ​ឱ្យប៉ះពាល់ ដល់ការដាក់​ទណ្ឌកម្មប្រឆាំង​នឹងរបបដឹកនាំ​ទីក្រុងព្យុងយ៉ាង ដោយសហគមន៍​អន្តរជាតិ។

គួរបញ្ជាក់ថា អង្គការ Sharing Movement បង្កើតឡើង​កាលពីឆ្នាំ១៩៩៦ មានគោលដៅ​សំខាន់ផ្ដល់ជំនួយ​ផ្នែកកសិកម្ម និងម្ហូបអាហារដល់​កុមារ​កូរ៉េខាងជើង។ ចំណែកឯ ក្រសួង​បង្រួបបង្រួមជាតិ​កូរ៉េខាងត្បូង ក៏បាននិយាយ​ពីម្សិលមិញដែរថា ខ្លួនកំពុងសិក្សា​លើសំណើរបស់ក្រុម អង្គការសង្គមស៊ីវិល​ទាំង ១៩ផ្សេងទៀត ដែលមានគោលដៅ​ភ្ជាប់ទំនាក់ទំនង នឹងទីក្រុង​ព្យុងយ៉ាង ដើម្បីផ្ដល់ជំនួយ​មនុស្សធម៌ និងដឹកនាំគំរោងអភិវឌ្ឍន៍ ព្រមទាំងការផ្លាស់ប្ដូរគ្នា​ទៅវិញទៅមក នៅក្នុងវិស័យ​សង្គម និងវប្បធម៌៕