(វ៉ាស៊ីនតោន)៖ ការិយាល័យស៊ើប​អង្កេតសហព័ន្ធ (FBI) បានបដិសេធ​ចំពោះការទាមទារ​ឲ្យផ្តល់ជូន​គណៈកម្មាធិការព្រឹទ្ធសភា​នូវ​​​ឯកសារទាក់​ទិន​នឹងការធ្វើទំនាក់ទំនងរវាង អតីតប្រធាន FBI លោក James Comey និងប្រធានាធិបតី​សហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ ជាបណ្តោះសិន។ នេះបើតាមការ​ចេញផ្សាយដោយ​វែបសាយព័ត៌មាន CNN នៅព្រឹក​ថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។

ទីភ្នាក់ងារ FBI បានឲ្យដឹងថា ខ្លួនកំពុងបន្តធ្វើការពិគ្រោះ​យោលយប់គ្នា ដើម្បីវាយតម្លៃ​ចំពោះ​សំណើ​ផ្តល់​​ឯកសារ​​នេះ​នៅ​ឡើយ​​ បន្ទាប់​ពី​មាន​ការ​តែង​តាំង​រដ្ឋអាជ្ញាពិសេស ដើម្បីបើក​ការស៊ើប​អង្កេត ទៅលើការ​សង្ស័យ​នៃ​ទំនាក់ទំនង រវាងក្រុមយុទ្ធនាការ​​ឃោសនា​បោះ​ឆ្នោត​​​របស់​លោក ដូណាល់ ត្រាំ និងមន្រ្តី​រដ្ឋាភិបាល​​រុស្ស៊ី ដែលបានព្យាយាម​ជះឥទ្ធិពល​ទៅលើ​ ការ​បោះ​ឆ្នោត​​ជ្រើស​រើស​ប្រធានាធិបតី​អាមេ​រិក កាលពីខែវិច្ឆិកា ឆ្នាំ២០១៦ ហើយ FBI បានបញ្ជាក់ថា នឹងផ្តល់ចម្លើយ​ម្តងទៀត ឲ្យបានឆាប់​តាម​ដែល​​អាច​​ធ្វើ​​ទៅ​បាន។

ជាការឆ្លើយតប​ប្រធានគណៈកម្មាធិការ​ត្រួតពិនិត្យ នៃព្រឹទ្ធសភាអាមេរិក លោក Jason Chaffetz បានលើកឡើងថា គណៈកម្មាធិការ​​មានសិទ្ធិ​ ដើម្បីបើកការ​ស៊ើបអង្កេត និងមិនចង់ចូល​ទៅជ្រៀតជ្រែក​ការងារ របស់រដ្ឋពិសេសឡើយ។ ផ្ទុយទៅវិញ​កិច្ចការ​របស់គណៈ​កម្មាធិការលោក នឹងជួយបំពេញ​ចន្លោះប្រហោង​នៅក្នុងការស៊ើបអង្កេត​ របស់រដ្ឋអាជ្ញាពិសេសទៅវិញ​នោះទេ ហើយនឹងផ្តល់​ចម្លើយកាន់​តែច្បាស់ ចំពោះបញ្ហា​ដែលសាធារណៈជន​មានការចាប់អារម្មណ៍ខ្លាំងនេះ។

គួរបញ្ជាក់ថា លោក Chaffetz បានបន្ថែម​សំណើបែបទាមទារ​មួយបន្ថែមទៀត សម្រាប់ឯកសារ​ពាក់ព័ន្ធ លោក Comey និងទំនាក់ទំនង​​ជាមួយសេតវិមាន​ក៏ដូចជាអគ្គរដ្ឋអាជ្ញា លោក Jeff Sessions ជាមួយនិង​កាលបរិច្ឆេទ​កំណត់​ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៧ (ពេលវេលានៅ​​សហរដ្ឋអាមេរិក)៕