(ប៉េកាំង)៖ GSR Capital ដែលជាក្រុមហ៊ុន​វិនិយោគឯកជនចិន ដ៏ធំមួយជិតឈានដល់​កិច្ចព្រមព្រៀងទិញ គ្រប់គ្រងភាគហ៊ុន​ក្រុមហ៊ុនផលិតអាគុយ Nissan Battery Unit នៃក្រុមហ៊ុន Nissan Motor Co របស់ជប៉ុនក្នុងតម្លៃ១ពាន់លានដុល្លារ។ នេះបើតាមប្រភព​ពីអ្នកជំនិតក្នុងដំណើរការនៃកិច្ចព្រមព្រៀងនេះ ដកស្រង់មកផ្សាយ​ដោយសារព័ត៌មាន Bloomberg នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។

ប្រភពខាងលើថ្លែង​នៅក្នុងលក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ បានបញ្ជាក់​ទៀតថា កិច្ចព្រមព្រៀង​ទិញភាគហ៊ុន រវាងក្រុមហ៊ុន GSR Capital និងក្រុមហ៊ុន Nissan កំពុងរីកចំរើន​ទៅមុខ ហើយភាគីទាំងពីរ​អាចនឹងប្រកាសពី​កិច្ចព្រមព្រៀងនេះ​ នៅប៉ុន្មានពីរសប្ដាហ៍​ខាងមុខនេះ។

គួរបញ្ជាក់ថា ក្រុមហ៊ុន Yangtze River Industry Fund គំាទ្រដោយ​រដ្ឋាភិបាលខេត្ត Hubei ក៏បាន​ចូលរួម​ចំណែកក្នុងភាគហ៊ុន ២០ភាគរយ របស់ក្រុមហ៊ុន GSR Capital ផងដែរ ដើម្បីទិញភាគហ៊ុនពី Nissan៕