(វ៉ាស៊ីនតោន)៖ ការស៊ើបអង្កេត​របស់ FBI លើការជៀតជ្រែក ពីរុស្ស៊ីនៅ​ក្នុងកិច្ចការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាលពី​ឆ្នាំ២០១៦ បានរីករាលដាល​ដល់កូនប្រសារ​ប្រុសរបស់ លោក ដូណាល់ ត្រាំ ថែមទៀត គឺលោក ហ្សារ៉ែត ឃូស្នើ (Jared Kushner) ហើយ​ពាក់ព័ន្ធនឹង​តួនាទីដ៏ច្រើនរបស់​លោក ជាមួយក្រុម​យុទ្ធនាការ​ឃោសនាបោះឆ្នោត និងក្រុមមន្ត្រីនៃឪពុក​ក្មេកខ្លួន។ នេះបើតាមក្រុម​មន្រ្តីអាមេរិក​ដកស្រង់ដោយ​សារព័ត៌មាន  CNN នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។

យោងតាមក្រុម​មន្ត្រីដដែល ចំណុចសំខាន់​ដែលផ្ដោតលើ​ លោក ឃូស្នើ រួមមានប្រតិបត្តិការ​វិភាគទិន្នន័យ​នៃក្រុមយុទ្ធនាការ​ឃោសនា បោះឆ្នោត​លោក ត្រាំ កាលពីឆ្នាំ២០១៦ ទំនាក់ទំនងរបស់​លោកជាមួយ​អតីតទីភ្នាក់ងារ​សន្តិសុខជាតិ​អាមេរិក លោក មីសែល ហ្លីន (Michael Flynn) ព្រមទំាងទំនាក់ទំនង​ផ្ទាល់ខ្លួន​រវាងទីប្រឹក្សាសេតវិមាន​រូបនេះ និងទីក្រុង​ម៉ូស្គូ។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះពុំទាន់មាន​ការបញ្ជាក់ណា​មួយថា លោក ឃូស្នើ ក្លាយជាគោលដៅ​នៃការស៊ើបអង្កេត​នៅឡើយ​ទេ ហើយក៏ពុំទាន់​មានការចោទប្រកាន់​ណាមួយដែរ។ ម្យ៉ាងវិញទៀត វាក៏ពុំទាន់​ច្បាស់ទៀតផងថា FBI មានគំរោងនិយាយ​រឿងនេះជាមួយ លោក ឃូស្នើ នោះទេ ប៉ុន្តែក្រុមអ្នកស៊ើបអង្កេតជឿជាក់ថា លោកអាចនឹងជួយផ្ដល់ព័ត៌មានទាក់ទិននឹងការស៊ើបអង្កេត៕