(ហ្សាការតា)៖ ក្រុមសកម្មប្រយុទ្ធ​រដ្ឋអ៊ីស្លាម ISIS នៅទីបំផុតបានចេញ​មុខអះអាងថា ខ្លួនគឺជាអ្នករៀបចំ​គម្រោង​ដ៏ខ្មៅងងឹត​ក្នុងការ​វាយប្រហារដោយ​បំផ្ទុះគ្រាប់បែក​អត្តឃាត នៅចំណតរថយន្ត​ក្រុងមួយកន្លែង​ក្នុងរដ្ឋធានី​ហ្សាការតា កាលពីថ្ងៃពុធ​សប្តាហ៍នេះ ដែលបានផ្តាច់​យកជីវិតមន្រ្តីប៉ូលិស​ឥណ្ឌូណេស៊ីយ៉ាងតិច​ចំនួនបីរូប និងមនុស្សប្រមាណ​ ១២នាក់ ផ្សេងទៀត​បានទទួលរង​របួស​ធ្ងន់ស្រាល។ នេះបើតាមការ​ចេញផ្សាយ​ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។

ទីភ្នាក់ងារព័ត៌មាន Amaq របស់ក្រុមភេរវករនេះ បានធ្វើសេចក្តីរាយការណ៍ថា «ជនពិឃាត នៃករណីវាយប្រហារ​​នៅកន្លែងជួបជុំមន្រ្តីប៉ូលិស​​ឥណ្ឌូណេស៊ី ក្នុងទីក្រុងហ្សាការតា គឺជាអ្នកប្រយុទ្ធ​របស់ក្រុម ISIS»

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃ​ពុធសប្តាហ៍នេះ ជនបំផ្ទុះគ្រាប់បែក​អត្តឃាតចំនួនពីរនាក់ បានធ្វើការ​វាយប្រហារ​ទៅលើចំណត​រថយន្ដ​​ក្រុង Kampung Melayu នៃរដ្ឋធានីហ្សាការតា​ចំនួនពីរ​លើកបន្ត​បន្ទាប់គ្នា នាវេលាម៉ោង​ប្រហែល ៩៖០០នាទីយប់ (ម៉ោង​ក្នុង​​តំបន់​​កើត​ហេតុ) ហើយភ្លាមៗនោះ​អាជ្ញាធរ​ឥណ្ឌូណេស៊ី ក៏បានសង្ស័យថា ជាស្នាដៃដ៏ឃោរឃៅ​របស់​ក្រុម ISIS ផងដែរ៕