(នីហ្សេរីយ៉ា)៖ យោងតាមព័ត៌មាន AFP បានផ្សាយឲ្យដឹងថា កាលពីថ្ងៃចន្ទកាំភ្លើង៤៤០គ្រឿងជាអាវុធខុសច្បាប់​នាំមកពីប្រទេសតួកគី ត្រូវបានរឹបអូស​នៅទីក្រុងឡាហ្គូ នៃប្រទេសនីហ្សេរីយ៉ា។ កាលពីថ្ងៃពុធសប្តាហ៍នេះ រដ្ឋាភិបាល​នីហ្សេរីយ៉ា​បានប្រាប់ AFP ថា «ខ្លួនបានស្ទាក់​ចាប់ឃ្លាំង​សម្ងាត់ ដែលមានអាវុធខុសច្បាប់ នៅកំពង់ផែទីក្រុងឡាហ្គូ។ នេះបើតាមការដកស្រង់ព័ត៌មាននៅព្រឹកថ្ងៃសុក្រ ទី២៦ ខែឧសភា ឆ្នាំ២០១៧។

កាលពីប្រាំខែមុន​មានការរឹបអូសអាវុធខុសច្បាប់​ស្រដៀងគ្នានេះដែរ ក្នុងនោះមន្រ្តីគយ​បានបញ្ឈប់​រថយន្តដឹកកាំ​ភ្លើង​ខុសច្បាប់​ចំនួន ៦៦១គ្រឿង បន្ទាប់ពី​ពួកគេបាន​យកចេញ​ពី​កំពង់ផែ»
អ្នកនាំពាក្យប៉ូលិសនីហ្សេរីយ៉ា លោក យ៉ូសែប អាត់តាស់ និយាយថា «យោងតាម​ការស៊ើបអង្កេត យើងបានចុះប្រតិបត្តិការ​នៅថ្ងៃចន្ទ ដោយ​ត្រួតពិនិត្យកុងតឺន័រ​មួយប្រវែង ១២ម៉ែត្រ នៅកំពង់ផែ Tin Can នៃទីក្រុងឡាហ្គូ បានរកឃើញបំណែក​នៃកាំភ្លើងធុនធំចំនួន ៤៤០គ្រឿង និងបំណែក​ផ្សេងទៀតដែលជាបរិក្ខាកាំភ្លើង»
 ការរៀបចំផ្ទុកកាំភ្លើងនោះ​ ត្រូវបានគ្របដណ្តប់​ជាមួយម្នាង​សិលា​ ដើម្បីជៀសវាង​ការរកឃើញដោយ​សមត្ថកិច្ច។ លោក អាត់តាស់ បាន​និយាយថា «ការស៊ើបអង្កេត​នេះ គឺកំណត់​ដើម្បីការចាប់ខ្លួនអ្នក​ដែលទទួលអាវុធ​ខុសច្បាប់ ក្នុងនោះជនសង្ស័យ​ម្នាក់ត្រូវបាន​ចាប់ខ្លួន។» បើយោងតាម Monday Abueh ដែលជាជំនួយការរបស់គយត្រួតពិនិត្យ​បានអោយដឹងថា កាំភ្លើងចាប់បាន​ផលិតនៅ​សហរដ្ឋអាមេរិក និងប្រទេសអ៊ីតាលី ប៉ុន្តែនាំចូល​មកពីប្រទេសតួកគី​ និងត្រូវបានគេលាក់ទុក​នៅក្នុងកុងតឺន័រ។

នៅឆ្នាំ២០១៤ ក្រុមហ៊ុនអាកាសចរណ៍​តួកគី​មានរឿង​អាស្រូវមួយ បន្ទាប់ពីមានការបែកធ្លាយ​នូវការថត​សំឡេង​ក្នុងនោះ សន្ទនាដែល​គេថតបាន​ជាសន្ទនារវាង មន្ត្រីជាន់ខ្ពស់​មួយរូបរបស់​ក្រុមហ៊ុនអាកាសចរណ៍ និងទីប្រឹក្សា​នាយករដ្ឋមន្ត្រី​តួកគី លោក Recep Tayyip Erdogan ដែលបាននិយាយថា «មន្ត្រីក្រុមហ៊ុន​អាកាសចរណ៍៖ ឥឡូវនេះសម្ភារៈ​ជាច្រើនគឺនៅ​តាមផ្លូវទៅកាន់​ប្រទេស​នីហ្សេរីយ៉ា។ តើវានឹងសម្លាប់​ពួកគ្រិស្ដ​សាសនិក ឬមូស្លីម? អំពើដែលខ្ញុំកំពុង​តែធ្វើនេះ មាន​បាបកម្ម​ខ្លាំងណាស់​អ្នកគួរតែ​យល់។ ទីប្រឹក្សា​​ប្រធានាធិបតី និង​អនុរដ្ឋលេខាធិការ Hakan Fidan ចាំទាក់ទង​អង្គការស៊ើបការណ៍​សម្ងាត់ជាតិ (MIT)»

ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍តួកគីនៅតែ​បដិសេធថា មិនបានដឹកអាវុធ និងឧបករណ៍យោធា​ទៅឱ្យប្រទេស​នីហ្សេរីយ៉ា៕