(ម៉ានីល)៖ ប្រទេស ហ្វីលីពីន ធ្លាប់ជាសម្ព័ន្ធមិត្តដ៏យូរអង្វែង និងស្មោះស្ម័គ្រជាងគេរបស់សហរដ្ឋអាមេរិកប្រចាំតំបន់អាស៊ី។ ប៉ុន្តែបន្ទាប់ពីប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ឡើងកាន់អំណាចទំនាក់ទំនងដ៏រឹងមាំមួយនេះ ចាប់ផ្តើមរង្គោះរង្គើជាបណ្តើរៗ ខណៈដែលប្រធានាធិបតីរូបនេះមានបំណងចង់ងាក ទៅបង្កើនទំនាក់ទំនងប្រសើរជាមួយរុស្ស៊ី និងចិន ជំនួសវិញ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ។

ជាភស្ថុតាងប្រធានាធិបតីហ្វីលីពីនរូបនេះ បានបំពេញដំណើរទស្សនកិច្ចទៅប្រទេស ចិន និងរុស្ស៊ី ជាលើកដំបូងដោយបានប្រកាសថា លោកនឹងកាត់ផ្តាច់ទំនាក់ ទំនងយោធា សង្គម និងសេដ្ឋកិច្ចជាមួយសហរដ្ឋអាមេរិក។
យ៉ាងនេះក្តីលោកមិនបានបញ្ជាក់លម្អិតថា តើលោកនឹងបំបែកខ្លួនចេញពីសហរដ្ឋអាមេរិក ដែលអតីតជាដៃគូពាណិជ្ជកម្ម និងសម្ព័ន្ធមិត្តដ៏សំខាន់ជាងគេរបស់ខ្លួន ដោយរបៀបណានោះទេ។ ប៉ុន្តែប្រសិនបើលោកពិតជាអាចធ្វើតាមឆន្ទៈរបស់ខ្លួន មែននោះ វានឹងផ្តល់នូវភាពខុសប្លែកជាច្រើន ក្នុងនោះរួមទាំងការខាតបង់ និងផលចំណេញផងដែរ។ ខាងក្រោមនេះជាផលខាតបង់ដ៏ធំ ប្រសិនបើរដ្ឋាភិបាលក្រុងម៉ានីល ងាកចេញពីបងធំអាមេរិក ទៅរករុស្ស៊ី ឬចិន៖

* សេដ្ឋកិច្ច៖

យោងតាមក្រសួងការបរទេសអាមេរិកបានឱ្យដឹងថា សហរដ្ឋអាមេរិក និងហ្វីលីពីនបានធ្វើទំនាក់ទំនងពាណិជ្ជកម្មផ្នែកទំនិញ និងសេវាកម្មក្នុងតម្លៃជាប្រាក់ សរុបចំនួន២៥ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០១៧នេះ។ តាមការវាយតម្លៃបានឱ្យដឹងថា ប្រសិនបើហ្វីលីពីនកាត់ផ្តាច់ទំនាក់ទំនងពីសហរដ្ឋអាមេរិក នោះរដ្ឋាភិបាលក្រុង ម៉ានីលនឹងខាតបង់ប្រាក់ចំនួន១,៣ពាន់លានដុល្លារពីការធ្វើវិនិយោគដោយផ្ទាល់ពីបរទេស(អាមេរិក) នេះមិនរាប់បញ្ជូលទាំងជំនួយលើ ការអភិវឌ្ឍន៍ចំនួន ១៥០លានដុល្លារ ដែលអាមេរិកផ្តល់ឱ្យហ្វីលីពីននោះទេ។

សហរដ្ឋអាមេរិក ជាដៃគូពាណិជ្ជកម្មធំជាងគេទីបី របស់ហ្វីលីពីន បន្ទាប់ពីជប៉ុន និងចិន។ លោក Duterte មានក្តីសង្ឃឹមថា ចិន អាចជួយបំពេញនូវចន្លោះខ្វះខាត របស់ខ្លួន បន្ទាប់ពីការកាត់ផ្តាច់ពីអាមេរិក។ ប៉ុន្តែកុំភ្លេចថា ចិនមិនអាចជួយអ្វីច្រើនសម្រាប់ហ្វីលីពីនឡើយ ដោយសារចិនមានចំនួនអ្នកវិនិយោគទុនតិចប៉ុណ្ណោះ។

ប្រសិនបើទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ត្រូវបានកាត់ផ្តាច់នោះ វានឹងបង្កឱ្យមានក្តីបារម្ភជាខ្លាំង ដោយសារមានវិនិយោគិនអាមេរិកជាច្រើននាក់ កំពុង បណ្តាក់ទុនក្នុងលើដែនដីរបស់ខ្លួន នេះបើយោងតាមការលើកឡើងរបស់លោក Mark Williams ប្រធានសេដ្ឋកិច្ចអាស៊ីប្រចាំនៅ Capital Economics។ គួរបញ្ជាក់ថា ក្រុមហ៊ុនអាមេរិកដែលបានធ្វើវិនិយោគទុន នៅទីនេះមានតម្លៃជាទឹកប្រាក់ប្រមាណ៤.៧ពាន់លានដុល្លារអាមេរិក។

* ប្រជាពលរដ្ឋហ្វីលីពីន៖

សហរដ្ឋអាមេរិកបានចូលរួមចំណែកក្នុងការផ្តល់ប្រាក់ចំណូល សម្រាប់ប្រជាពលរដ្ឋហ្វីលីពីនរហូតដល់១ភាគបី នៃប្រាក់ចំណូលសរុបចំនួន ១៧.៦ពាន់លានដុល្លារ ដែលប្រាក់នេះបានមកពីប្រជាពលរដ្ឋ ហ្វីលីពីនធ្វើការនៅក្រៅប្រទេស។ ប្រាក់ដែលប្រជាពលរដ្ឋហ្វីលីពីន ធ្វើការនៅសហរដ្ឋអាមេរិក ហើយផ្ញើមកគ្រួសារនៅហ្វីលីពីន បានចូលរួមចំណែកជួយដល់សេដ្ឋកិច្ច ក្នុងតំបន់នានាទូទាំងប្រទេស។

ក្រៅពីនេះប្រទេស ហ្វីលីពីន ក៏ជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋអាមេរិកផងដែរ ដែលតាមការសន្និដ្ឋានបានឱ្យដឹងថា មានភ្ញៀវទេសចរណ៍អាមេរិកប្រមាណ៦៥០,០០០នាក់ បានមកទស្សនាប្រទេសនេះជារៀងរាល់ឆ្នាំ ដើម្បីកំសាន្តលើឆ្នេរសមុទ្រលំដាប់ពិភពលោក ការមុជទឹក និងដំណើរផ្សងព្រេងជាដើម ដែលភ្ញៀវទេសចរណ៍នេះ ក៏ជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋហ្វីលីពីនផងដែរ។ ហេតុនេះការកាត់ផ្តាច់ទំនាក់ ទំនងជាមួយអាមេរិក វានឹងបង្កផលលំបាកមិនត្រឹមតែរដ្ឋាភិបាលហ្វីលីពីនប៉ុណ្ណោះទេ ថែមទាំងផ្តល់ឥទ្ធិពលអាក្រក់ដល់ប្រជាពលរដ្ឋហ្វីលីពីនផងដែរ។

* វិស័យយោធា៖

មុនពេលលោក Duterte ឡើងកាន់អំណាច ប្រទេស ហ្វីលីពីនត្រូវបានគេរំពឹងថា នឹងធ្វើជាសម្ព័ន្ធមិត្តដ៏សំខាន់របស់សហរដ្ឋអាមេរិក ក្នុងវិស័យការពារជាតិ ពិសេសដែនសមុទ្រ ស្របពេលដែលប្រជាជាតិអាស៊ានមួយចំនួន កំពុងមានជម្លោះសមុទ្រចិនខាងត្បូង។ ក្នុងទំព័រប្រវត្តិសាស្ត្របានបង្ហាញថា យោធាអាមេរិក ជាច្រើនសន្ធឹកសន្ធាប់ ធ្លាប់បានរក្សាវត្ថមាននៅប្រទេស ហ្វីលីពីន ដែលបានចូលរួមចំណែកក្នុងការក្សាសន្តិសុខ និងផ្តល់ភាពកក់ក្តៅជាខ្លាំងសម្រាប់ អតីតសម្ព័ន្ធមិត្តរបស់ខ្លួន។ វត្ថមានយោធាអាមេរិកក្នុងប្រទេស ហ្វីលីពីន បានបង្កើនអំណាចប្រទេសនៅអាស៊ីមួយនេះមួយកម្រិតទៀត ដើម្បីប្រឆាំងនឹង មហិច្ឆតាចិន ដែលចង់ច្បាមយកដែនសមុទ្រចិនខាងត្បូងទាំងមូល។

តែជាអកុសល ប្រធានាធិបតីចិត្តដាច់រូបនេះ បានបញ្ជាក់ថា លោកនឹងបញ្ចប់ទំនាក់ទំនងយោធា និងការធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិក ប៉ុន្តែក្រោយមក លោកបែរជាលើកឡើងថា សម្ព័ន្ធយោធារវាងប្រទេសទាំងពីរនៅតែអាចបន្តជាថ្មីទៀត។ ចំណុចនេះធ្វើឱ្យមានភាពស្រពិចស្រពិលចំពោះឆន្ទៈរបស់លោក។

ប៉ុន្តែក្នុងករណីដែលលោកពិតជាកាត់ផ្តាច់ទំនាក់ទំនងយោធា ជាមួយសហរដ្ឋអាមេរិក វានឹងក្លាយជារបត់ដ៏ថ្មីមួយ ហើយអាចឱ្យហ្វីលីពីនបាត់បង់ ខ្នងបង្អែកដ៏ធំរបស់ខ្លួន សម្រាប់ទប់ទល់នឹងមហាយក្សចិនដែលជាមហាអំណាចធំជាងគេនៅអាស៊ី។

កាន់តែគួរបារម្ភនោះគឺ ទំនាក់ទំនងថ្មីរវាងហ្វីលីពីន និងរុស្ស៊ី មិនត្រឹមតែផ្តល់ផលប៉ះពាល់ត្រឹមប្រទេសនេះប៉ុណ្ណោះទេ គឺថែមទាំងបង្កឥទ្ធិពលអាក្រក់ ដល់ភូមិសាស្ត្រនយោបាយក្នុងតំបន់អាស៊ីទាំងមូលផងដែរ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារសារព័ត៌មាន CNBC។

បំលាស់ប្តូរនេះ អាចធ្វើឱ្យបាត់បង់នូវតុល្យភាពអំណាចក្នុងតំបន់អាស៊ីអាគ្នេយ៍ ព្រោះថា បច្ចុប្បន្នរដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន មិនរាប់បញ្ជូលរដ្ឋាភិបាលក្រុង ម៉ានីល ជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់ខ្លួនតទៅទៀតឡើយ ដែលធ្វើឱ្យអំណាចរបស់អាមេរិកប្រចាំតំបន់នេះកាន់តែរួមតូចជាងមុន។ ផ្ទុយទៅវិញ វានឹងផ្តល់ឱកាស ដល់រដ្ឋាភិបាលក្រុង ប៉េកាំង ដើម្បីអាចពង្រីកអំណាចរបស់ខ្លួនក្នុងតំបន់អាស៊ីបន្ថែមទៀត នេះជាការលើកឡើងរបស់លោក Joseph Franco អ្នកស្រាវជ្រាវប្រចាំ នៅសកលវិទ្យាល័យបច្ចេកវិទ្យា Nanyang ប្រចាំប្រទេស សិង្ហបុរី។

ទាំងនេះមានន័យថា ការលះបង់ទំនាក់ទំនងជាមួយអាមេរិក ងាកទៅរករុស្ស៊ី បានផ្តល់នូវការខាតបង់មួយចំនួនធំសម្រាប់ហ្វីលីពីន និងតំបន់ទាំងមូល។ ប៉ុន្តែវាក៏បានផ្តល់ចំណេញមួយចំនួនផងដែរ សម្រាប់ហ្វីលីពីន។ ជាក់ស្តែងបញ្ហាបង្ក្រាបគ្រឿងញៀនរបស់លោក Duterte ធ្លាប់រងរិះគន់ជាខ្លាំងថា លោកបាន រំលោភសិទ្ធមនុស្ស ដោយវាបង្កភាពល្អក់កករក្នុងទំនាក់ទំនងជាមួយអតីតសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិក។ ប៉ុន្តែការបង្កើតទំនាក់ទំនងជាមួយរដ្ឋាភិបាល ក្រុងម៉ូស្គូ នឹងធ្វើឱ្យរដ្ឋាភិបាលក្រុង ម៉ានីល មានបងធំផ្សេងទៀតជំនួសដើម្បីទប់ទល់ការរឹតបន្តឹងពីសំណាក់រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោន។

ក្រៅពីនេះ ហ្វីលីពីននៅតែអាចមានអាវុធប្រើប្រាស់ដោយការទិញពីរុស្ស៊ី បន្ទាប់ពីរងការគាបសង្កត់ពីអាមេរិក មិនឱ្យនាំចូលអាវុធទៅហ្វីលីពីន ឆ្លើយតបនឹងការ សម្លាប់មនុស្សក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន។ និយាយជារួម ការលះបង់អាមេរិកជ្រើសរើសយករុស្ស៊ី នឹងផ្តល់នូវផលការខាតបង់មួយចំនួនធំ តែវាក៏អាចផ្តល់ នូវផលវិជ្ជមានខ្លះៗសម្រាប់ប្រទេស ហ្វីលីពីនផងដែរ៕

បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា