(ព្រុចសែល)៖ ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុប លោក Donald Tusk បានថ្លែងនៅថ្ងៃព្រហស្បតិ៍នេះថា រូបលោកនិងប្រធានា​ធិប​តីអាមេរិកលោក Donald Trump នៅតែមិនទាន់អាចដោះស្រាយការខ្វែងគំនិតគ្នាមួយចំនួន ជុំវិញបញ្ហាដូចជាបម្រែបម្រួល​អា​កាស​ធាតុ និងពាណិជ្ជកម្មនៅឡើយទេ ក្នុងអំឡុងជំនួបទល់មុខគ្នារវាងលោកទាំងពីរ ហើយលោក Tusk បានបន្ថែមថា​លោក​ផ្ទាល់​ក៏​មិន​ប្រាកដដែរថា លោកនិងលោក ត្រាំ មតិយល់ឃើញដូចគ្នាដែរឬយ៉ាងណានោះ ទាក់ទិននឹងប្រទេសរុស្ស៊ី។ នេះបើតាមការ​ចេញ​ផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។

យ៉ាងណាមិញ ប្រធាន EU រូបនេះបានឲ្យដឹងថាលោកនិងលោក ដូណាល់ ត្រាំ បានឯកភាពលើបញ្ហាជាច្រើនផ្សេងទៀត ជា​ពិសេសនោះ គឺការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម ដែលកំពុងអុកឡុកពិភពលោកយ៉ាងខ្លាំងក្លា ហើយលោកទាំងពីរក៏បានធ្វើ​ការ​ផ្តោតសំខាន់ទៅលើគោលនយាលបរទេសនិងសន្តិសុខផងដែរ។

គួររំលឹកថា កាលពីនៅអំឡុងយុទ្ធនាការ​ឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ចំៗ​លើសហភាពអឺរ៉ុប ហើយ​បាន​សាទរ ចំពោះការសម្រេចចិត្ត​ចាកចេញពីសហភាពអឺរ៉ុប​របស់អង់គ្លេស ក៏ដូចជាព្រមាន​លុបចោលកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ស្ដីពីបម្រែបម្រួល​អាកាសធាតុថែមទៀតផង៕