(ព្រុចសែល)៖ បន្ទាប់ពីបានជួបពិភាក្សាជាមួយប្រធានសហភាពអឺរ៉ុប ក៏ដូចជាប្រធានគណៈកម្មការអឺរ៉ុប ប្រធានាធិបតីអាមេរិក​​លោក ដូណាល់ ត្រាំ ក៏បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់អង្គការ NATO ជាលើកដំបូងរបស់ខ្លួន ដែលកំពុងប្រព្រឹត្តទៅនៅឯទីស្នាក់ការ​​​កណ្តាល​ដ៏​​ថ្មី​សន្លាង​ ស្ថិតក្នុង​ទីក្រុងព្រុចសែល ដោយមានការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ពីសំណាក់អគ្គលេខាធិការ NATO លោក Jens Stoltenberg​។ នេះ​បើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។

លោកប្រធានាធិបតីអាមេរិក នឹងត្រូវជួបជាមួយ​បណ្តាមេដឹកនាំ​នៃ​​សមាជិក NATO ដទៃទៀតជាលើកដំបូង នៅក្នុងកិច្ចប្រជុំកំពូល នេះ ដើម្បីរៀបចំផែនការ​សម្រាប់អនាគត​របស់អង្គការអន្តរជាតិ​មួយនេះ ហើយ​ព្យាយាមបន្ធូរបន្ថយ​ការខ្វែងគំនិតគ្នា​ លើកញ្ចប់​ថវិកា​ដើម្បីផ្គត់ផ្គង់វិស័យយោធា NATO បន្ទាប់ពីរូបលោកធ្លាប់បានហៅអង្គការអន្តរជាតិ ដែលមានអាយុកាលជិត៧០ឆ្នាំនេះថាជា ស្ថាប័នហួសសម័យ ​កាលពីអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក និង​បាន​គំរាម​ដោយ​ប្រយោល​​ថា នឹង​ចាកចេញពី​សន្ធិសញ្ញានេះ បើសិនជា​បណ្តាសម្ព័ន្ធមិត្តអឺរ៉ុប​ មិនព្រមបង្កើន​ការចំណាយលើវិស័យការពារជាតិ​ទេនោះ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ច​នៅក្រៅប្រទេសលើកទីមួយ​របស់លោក ដូណាល់ ត្រាំ បានធ្វើឡើងដំបូងទៅកាន់​ព្រះរាជាណា​ចក្រ អារ៉ាប៊ី សាអូឌីត, អ៊ីស្រាអែល, តំបន់ West Bank នៃទឹកដីរបស់​ប៉ាឡេស្ទីន, បុរីវ៉ាទីកង់ នៅមុនពេលមក​ដល់ទីក្រុង​ព្រុច​សែល ហើយគោលដៅ​ធ្វើដំណើរចុងក្រោយ​គេរបស់លោក ត្រាំ គឺនៅតំបន់ Sicily នៃប្រទេស​អ៊ីតាលី ជាទីដែល​រូបលោកនឹង​ចូលរួមកិច្ច​ប្រជុំ G7 នៅទីក្រុង Taormina៕