(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ យោធា​កូរ៉េខាងជើង ​បាននិយាយបែបចំអកថា វត្ថុចម្លែកម្យ៉ាង​​ហោះនៅលើ​អាកាស ដែលកូរ៉េខាងត្បូងចំណាយគ្រាប់កាំភ្លើងយន្ដជាង៩០ គ្រាប់បាញ់ព្រមាន​កាលពីប៉ុន្មាន​ថ្ងៃមុននេះ គ្រាន់តែជាសត្វចាបមួយហ្វូង​ប៉ុណ្ណោះ ដោយបានបដិសេធ​ការប្រកាស​របស់ទីក្រុង​សេអ៊ូលថា​វត្ថុចម្លែក នោះជា​ប៉េងប៉ោងរបស់កូរ៉េខាងជើង៕

២៖ ខណៈ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កំពុងស្ថិតក្នុង​ដំណើរបំពេញ​ទស្សនកិច្ចនៅ​ទីក្រុង​ព្រុចសែល នៃប្រទេសប៊ែលហ្សិក ដើម្បីត្រៀម​ជួបជាមួយថ្នាក់ដឹក​សហភាពអឺរ៉ុប និងចូលរួមកិច្ចប្រជុំ​កំពូលរបស់​អង្គការ NATOនោះ ក្រុមបាតុករប្រមាណជា ​៦,០០០នាក់ បានចូលរួមក្នុងបាតុកម្មប្រឆាំងនឹងរូបលោក​។ ក៏ប៉ុន្តែយ៉ាងណា នៅថ្ងៃព្រហស្បតិ៍ លោក ត្រាំ បានជួបប្រធានក្រុមប្រឹក្សាអឺរ៉ុប និងប្រធានគណៈ កម្មាការអឺរ៉ុបហើយ៕

៣៖ ប៉ូលិសអង់គ្លេស ចាប់បានជនសង្ស័យ០៨នាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ នៅក្នុងក្របខណ្ឌស៊ើបអង្កេតពាក់ព័ន្ធនឹងការវាយប្រហារ ភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាត ដែលពួក ISIS អះអាងថាជាស្នាដៃរបស់ខ្លួននៅក្នុងទីក្រុង Manchester កាលពីយប់ថ្ងៃចន្ទ។ ប៉ុន្តែ ទន្ទឹមគ្នា នោះដែរបើតាម BBC ប៉ូលិសអង់គ្លេសបានបញ្ឈប់ការចែករំលែកព័ត៌មានជាមួយទីក្រុងវ៉ាស៊ីនតោន ក្រោយសារព័ត៌មានអាមេរិកនំាគ្នាចុះ ផ្សាយពីព័ត៌មានពាក់ព័ន្ធនឹងការស៊ើបអង្កេតលើអំពើភេរវកម្មនេះ៕

៤៖ ប៉ូលិសឥណ្ឌូណេស៊ី ​​បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ០៥នាក់បានស្លាប់ ក្នុងនោះមាន​ជនសង្ស័យជា​អ្នកបំផ្ទុះគ្រាប់បែកអត្តឃាត ចំនួន០២នាក់ និងប៉ូលិស ០៣នាក់ នៅក្នុងហេតុការណ៍​ផ្ទុះដ៏ខ្លាំងក្លាពីរលើក ដែលបានកើតឡើង នៅក្បែរចំណតរថយន្ដក្រុងមួយកន្លែង ស្ថិតនៅភាគខាងកើតរដ្ឋធានីហ្សាការតា កាលពីយប់​ថ្ងៃពុធ៕

៥៖ នាវាចពិឃាដអាមេរិកមួយគ្រឿង បានធ្វើដំណើរទៅក្បែរ កោះសិប្បនិម្មិតសាងសង់ឡើង​ដោយទីក្រុងប៉េកាំង ហើយនេះគឺជាលើកដំបូង ផុត​ដែលទីក្រុងវ៉ាស៊ីនតោន បញ្ជូននាវាចម្បាំង​មកកាន់តំបន់ជម្លោះនេះ គិតចាប់តាំង​ពី លោក ដូណាល់ ត្រាំ ចូលកាន់តំណែង​ជា​ប្រធានាធិបតី​អាមេរិក។ ក៏ប៉ុន្តែការបញ្ជូននាវានេះ ធ្វើឡើងនៅចំពេលលោក ដូណាល់ ត្រាំ កំពុងស្វែងរកកិច្ចសហប្រតិបត្តិការពីចិន ដើម្បីដោះស្រាយបញ្ហា មីស៊ីលនិងនុយក្លេអ៊ែរកូរ៉េខាងជើង៕

៦៖ ប្រធានាធិបតីចិន លោក ស៊ី ជិងពីង នាពេលថ្មីៗនេះ​ បានអំពាវឲ្យមានការ​ខិតខំប្រឹងប្រែង កសាង​កងទ័ពជើង​ទឹក​ចិនឲ្យក្លាយទៅជាកង កម្លាំងដ៏មានឥទ្ធិពល និងទំនើបមួយនៅពិភពលោក ខណៈសហរដ្ឋអាមេរិក កាន់តែពង្រីកឥទ្ធិពលរបស់ខ្លួនកាន់តែខ្លាំងនៅក្នុងតំបន់អាស៊ី៕