(សេអ៊ូល)៖ ចំនួនអ្នកបាត់បង់ជីវិត​នៅក្នុងប្រទេស​កូរ៉េខាងជើង ដោយសារតែការ​បំពុលខ្យល់​ ស្ថិតក្នុងអាត្រា​ខ្ពស់ជាងគេបំផុតលើ​ពិភពលោក ដោយមនុស្ស​ចំនួន២៣៨នាក់ ក្នុងចំណោមមនុស្ស ១០០,០០០នាក់ស្លាប់ ពីព្រោះគុណភាពភាព​ខ្យល់ដក​ដង្ហើម​មិនល្អ នៅក្នុងបរិយាកាស។ នេះបើតាមប្រភពពីប្រព័ន្ធផ្សព្វផ្សាយ​អាមេរិក ដកស្រង់ដោយ​ទីភ្នាក់ងារព័ត៌មាន​កូរ៉េខាងត្បូង យុនហ៉ាប់ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។

យោងតាមរបាយការណ៍​ស្តីពីស្ថិតិ​សុខភាព​ពិភពលោក (WHS) ឆ្នាំ២០១៧ ដែលទើប​តែត្រូវបានចេញផ្សាយ​ដោយអង្គការ WHO នា​ពេល​ថ្មីៗនេះ អាត្រាគ្រោះថ្នាក់របស់កូរ៉េខាងជើងខាងលើ ​គឺខ្ពស់ជាង ២.៦ដង បើធៀបទៅនឹងអាត្រា​មធ្យម​នៃពិភពលោក និងខ្ពស់ជាង​លើស​ពី​១០ដង ធៀបនឹង​​ប្រទេស​កូរ៉េខាងត្បូង (២៣នាក់ក្នុងចំណោម ១០០,០០០នាក់)។

WHS គឺជារបាយការណ៍ប្រចាំឆ្នាំ​​របស់​​អង្គ​ការ​​សុខ​ភាព​ពិភព​លោក ស្តីពី​ស្ថិតិវិស័យសុខាភិបាល​នៅក្នុងបណ្តា​ប្រទេសទាំង ១៩៤ ដែលជាសមាជិក​របស់ខ្លួន។ ហើយ​វា​ក៏ខ្ពស់ជាងអាត្រា​នៅក្នុងប្រទេស​ចិន (១៦១នាក់ក្នុងចំណោម ១០០,០០០នាក់) និងជប៉ុន (២៤នាក់ក្នុង​ចំណោម១០០,០០០នាក់) ផងដែរ។

គួរបញ្ជាក់ថា អង្គការ WHO បានធ្វើការចង្អុលបន្ថែមថា មនុស្សប្រមាណបីពាន់លាននាក់​ជុំវិញពិភពលោក កំពុងនៅបន្តប្រើប្រាស់​​ធ្យូងថ្ម និងឈើអុសសម្រាប់បង្កើតកម្តៅ និងចម្អិនចំណីអាហារ​នៅឡើយ ដែលកត្តានេះជាទូទៅ​បណ្តាលការបំពុលខ្យល់​ដកដង្ហើម​ធ្ងន់​​ធ្ងរ​ ដែលអាចបង្កជា​ជំងឺស្ទះសរសៃឈាម និងបំពង់សួត, ជំងឺរលាកផ្លូវដង្ហើម, និងជំងឺមហារីក​សួតជាដើម៕