(ព្រុចសែល)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ នៅឯទីក្រុងព្រុចសែល​នៅថ្ងៃព្រហស្បតិ៍នេះ ដោយប្រធានក្រុមប្រឹក្សា​អឺរ៉ុប ​លោក ដូណាល់ ថាស (Donald Tusk) និងប្រធានគណៈកម្មាការអឺរ៉ុប លោក ហ្សង់ក្លូត ហ្សាំងឃើ (Jean-Claude Juncker) សម្រាប់ជំនួប​ជាលើកដំបូងរបស់លោក ជាមួយថ្នាក់ដឹកនាំអឺរ៉ុប ដែលប្រធានាធិបតី​អាមេរិកាំងរូបនេះ ធ្លាប់បានរិះគន់​ឥតសម្ចៃមាត់កាលពីអតីតកាល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន  Reuters នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៧។

បើតាមកាលវិភាគ បន្ទាប់ពីជំនួបជាមួយថ្នាក់ដឹកនាំ​សហភាពអឺរ៉ុប លោក ដូណាល់ ត្រាំ នឹងត្រូវចូលរួម​កិច្ចប្រជុំអង្គការ​ណាតូ នៅក្នុងទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍នេះ។ ក៏ប៉ុន្តែ នៅក្នុងជំនួប​ជាមួយថ្នាក់​ដឹកនាំអឺរ៉ុប លោក ដូណាល់ ត្រាំ អាចនឹងស្ដាប់​លឺការអំពាវនាវពី​ថ្នាក់ដឹកនាំអឺរ៉ុបឱ្យ លោកនៅតែរក្សា​គោលជំហរ​ទីក្រុងវ៉ាស៊ីនតោន ក្នុងការគាំទ្រដល់​ការបង្រួបប្រងួម​របស់អឺរ៉ុប ការធ្វើពាណិជ្ជកម្មសេរី ព្រមទាំងកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង នឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។

គួររំលឹកថា កាលពីនៅអំឡុងយុទ្ធនាការ​ឃោសនាបោះឆ្នោត លោក ដូណាល់ ត្រាំ ធ្លាប់បានរិះគន់ចំៗ​លើសហភាពអឺរ៉ុប ហើយបានសាទរ ចំពោះការសម្រេចចិត្ត​ចាកចេញពីសហភាពអឺរ៉ុប​របស់អង់គ្លេស ក៏ដូចជាព្រមាន​លុបចោលកិច្ចព្រមព្រៀង​ទីក្រុងប៉ារីស ស្ដីពីបម្រែបម្រួល​អាកាសធាតុទៀតផង៕