(សេអ៊ូល)៖ យោធា​កូរ៉េខាងជើង​បានអះអាងថា វត្ថុចម្លែកម្យ៉ាង​​ហោះនៅលើ​អាកាស ដែលកូរ៉េខាងត្បូង ចំណាយគ្រាប់កាំភ្លើង​យន្ដរាប់រយគ្រាប់ បាញ់ព្រមាន​កាលពីប៉ុន្មាន​ថ្ងៃមុននេះ គ្រាន់តែជាហ្វូងសត្វចាប​ប៉ុណ្ណោះ ដោយបានបដិសេធ​ការប្រកាស​របស់ទីក្រុង​សេអ៊ូលថា​ វត្ថុចម្លែកនោះជា​ប៉េងប៉ោងរបស់កូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន​យ៉ុនហាប់ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។

កាលពី​ថ្ងៃអង្គារកន្លងទៅ យោធា​កូរ៉េខាងត្បូងបានបាញ់កាំភ្លើងយន្ដ​ជាង៩០គ្រាប់​ ជាការព្រមាន​ដល់វត្ថុចម្លែក​ហោះចេញ​ពីកូរ៉េខាងជើង ចូលមកក្នុងទឹកដី​កូរ៉េខាងត្បូង ដោយច្រឡំថា​ ជាយន្ដហោះ​គ្មាន​មនុស្សបើក (Drone) តែក្រោយមក បែរជាអះអាងថា គ្រាន់តែជា​ប៉េងប៉ោង​ទៅវិញ។ ដោយឡែក​ជុំវិញបញ្ហានេះ​ដែរ យោធា​កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយ​បែបចំអកថា​ យោធាកូរ៉េខាងត្បូង​បានបាញ់ គ្រាប់កាំភ្លើងយន្ដ​ច្រើនជាង​៤៥០គ្រាប់ ទៅលើហ្វូងចាប​ដែលកំពុងហោះ​នៅលើមេឃ ហើយដែលនេះ​គឺជាទង្វើបង្ករឿង​ នៅតាមតំបន់​ព្រំដែន​សាជាថ្មី។

ទីក្រុងព្យុងយ៉ាង​បានបញ្ជាក់ទៀតថា កូរ៉េខាងត្បូង​បានចោទថា កូរ៉េខាងជើង  គឺជាអ្នកបង្កហេតុ​ដូចជាការផ្ទុះគ្រាប់មីន​ នៅក្បែរតំបន់​ព្រំដែន កាលពីឆ្នាំ២០១៥ និងបានបាញ់​ពន្លិចនាវាចម្បាំង​កូរ៉េខាងត្បូង​កាលពីខែមីនា ឆ្នាំ២០១០ ទើបធ្វើ​ឱ្យយោធា​កូរ៉េខាងត្បូង ភ័យស្លន់ស្លោរ​រហូតដល់​បាញ់កាំភ្លើង​មិនចេះគិត​ដូច្នេះ៕