(ព្រុចសែល)៖ ខណៈពេលដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ កំពុងស្ថិតក្នុង​ដំណើរបំពេញ​ទស្សនកិច្ចនៅ​ទីក្រុង​ព្រុចសែល នៃប្រទេសប៊ែលហ្សិក ដើម្បីត្រៀម​ជួបជាមួយថ្នាក់ដឹក​សហភាពអឺរ៉ុប និងចូលរួមកិច្ចប្រជុំ​កំពូលរបស់​អង្គការ NATO នោះ បាតុកម្មប្រឆាំងនឹងរូបលោក​ក៏បានផ្ទុះឡើងផងដែរ។ នេះបើតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។

បន្ទាប់ពីលោក ដូណាល់ ត្រាំ រួមនិងភរិយាលោកស្រី មេឡានា បានធ្វើដំណើរ​ពីទីក្រុងរ៉ូម​ នៃប្រទេសអ៊ីតាលី មកដល់ប្រទេស​​​ប៊ែលហ្សិក ការធ្វើបាតុកម្ម​ក៏បានកើតមានឡើង នៅក្នុងទីក្រុង​ព្រុចសែល ដោយមានការចូលរួម​ពីក្រុមអ្នកតវ៉ា​ប្រមាណ ​៦,០០០នាក់ នៅតាមដងវិថី​ជាច្រើន ដើម្បីប្រឆាំងនឹង​វត្តមាន ក៏ដូចជាដំណើរទស្សនកិច្ច​របស់ លោក ត្រាំ ជាមួយនឹង​ផ្ទាំងបដា​​បង្ហាញឲ្យលោក​ប្រធានាធិបតីអាមេរិក​ដឹងថា រូបលោកមិនត្រូវបាន​ស្វាគមន៍នៅទីនេះ​ឡើយ។

ទំនាក់ទំនងរវាង លោក ដូណាល់ ត្រាំ និងបណ្តាប្រទេស​អឺរ៉ុបបានជួបភាព​រកាំរកូស ចាប់តាំងពី​អំឡុងពេលយុទ្ធនាការ​​ឃោសនា​បោះឆ្នោត ជ្រើសរើសប្រធានាធិបតី​អាមេរិក​មកម្ល៉េះ ដែលលោក​ធ្លាប់បានធ្វើការ​កោតស្ញប់ស្ញែង ដោយបើកចំហចំពោះ​យុទ្ធនាការ​​គាំទ្រ Brexit (ការចាកចេញ​របស់អង់គ្លេស​ពីសហភាពអឺរ៉ុប) តាំងតែពីមុន និងក្រោយ​ការបោះឆ្នោត​ប្រជាមតិ។ លើសពីនេះ​កាល​ពីខែមករា​ដើមឆ្នាំនេះ ក្នុងនាមជា​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក លោក ត្រាំ បានបង្កក្តីព្រួយបារម្ភ​ដល់សម្ព័ន្ធមិត្ត​អឺរ៉ុបជាច្រើន តាមរយៈការ​គូសបញ្ជាក់នៅក្នុង​បទសម្ភាសន៍មួយថា អង្គការ NATO ហួសសម័យ​ហើយ និងបានគំរាម​ដោយប្រយោល​ថា នឹង​ចាកចេញពី​សន្ធិសញ្ញានេះ បើសិនជា​បណ្តាសម្ព័ន្ធមិត្តអឺរ៉ុប​ មិនព្រមបង្កើន​ការចំណាយលើវិស័យការពារជាតិ​ទេនោះ។

យ៉ាងណាមិញនា​ថ្ងៃព្រហស្បតិ៍នេះ លោក ដូណាល់ ត្រាំ នឹងចូលជួប​ពិភាក្សាជាមួយ​ប្រធានក្រុមប្រឹក្សា​អឺរ៉ុប លោក Donald Tusk រួមទាំងប្រធាន​គណៈកម្មការ​អឺរ៉ុប លោក Jean-Claude Juncker ដែលមន្ត្រីកំពូលទាំងពីរនេះ​ពុំសូវជាពេញចិត្ត​ប៉ុន្មានឡើយ ចំពោះ​សម្តី​​​កាលពីអតីតកាល​ទាំងនោះរបស់ លោក ត្រាំ។

បន្ទាប់មក​លោកប្រធានាធិបតីអាមេរិក នឹងជួបជាមួយ​បណ្តាមេដឹកនាំ​នៃ​​សមាជិក NATO ដទៃទៀតជាលើកដំបូង នៅក្នុងកិច្ចប្រជុំកំពូល ដើម្បីរៀបចំផែនការ​សម្រាប់អនាគត​ របស់អង្គការអន្តរជាតិ​មួយនេះ ហើយ​ព្យាយាមបន្ធូរបន្ថយ​ការខ្វែងគំនិតគ្នា​លើថវិកា​ដើម្បីផ្គត់ផ្គង់ NATO។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ច​នៅក្រៅប្រទេសលើកទីមួយ​របស់លោក ដូណាល់ ត្រាំ បានធ្វើឡើងដំបូងទៅកាន់ព្រះរាជាណាចក្រ អារ៉ាប៊ី សាអូឌីត, អ៊ីស្រាអែល, តំបន់ West Bank នៃទឹកដីរបស់​ប៉ាឡេស្ទីន, បុរីវ៉ាទីកង់ នៅមុនពេលមក​ដល់​ទីក្រុងព្រុចសែល ហើយគោលដៅ​ធ្វើដំណើរចុងក្រោយ​គេរបស់លោក ត្រាំ គឺនៅតំបន់ Sicily នៃប្រទេស​អ៊ីតាលី ជាទីដែល​រូបលោកនឹង​ចូលរួមកិច្ច​ប្រជុំ G7 នៅទីក្រុង Taormina៕