(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនផលិតអាវុធដ៏ធំ​របស់​សហរដ្ឋអាមេរិក Lockheed Martin ទទួលបាន​កិច្ចសន្យាមាន​តម្លៃជិត ៨០លានដុល្លារ ក្នុងការផ្គត់ផ្គង់​សេវាកម្ម-បច្ចេកទេស​ដល់វានាវាមុជទឹក Trident II ដែលអាចបាញ់មីស៊ីលបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។ នេះបើតាម​របាយការណ៍នៃ​ក្រសួងការពារជាតិ​អាមេរិក ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។

ក្រសួងការពារជាតិអាមេរិក នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ចេញផ្សាយនៅថ្ងៃពុធសប្ដាហ៍នេះ បានបញ្ជាក់ថា ក្រុមហ៊ុន Lockheed Martin ទទួលបានកិច្ចសន្យា​មាន​តម្លៃ ៧៩,៨៨៤,០៦៦ ដុល្លារ ដើម្បីផ្គត់ផ្គង់សេវាកម្មបច្ចេកទេស និងគ្រប់គ្រងលើកម្មវិធីសេវាកម្មទាក់ទិននឹង មីស៊ីល Trident II។

បន្ថែមពីលើនេះ យោងតាមសេចក្ដីប្រកាស​ព័ត៌មានខាងលើ Lockheed Martin ក៏នឹងផ្ដល់ផងដែរនូវ សេវាកម្មស្វែង​រកការអភិវឌ្ឍន៍ និងជួសជុលប្រព័ន្ធមីស៊ីល​ទុកចាញ់ចេញពីនាវាមុជទឹក របស់សហរដ្ឋអាមេរិក និងអង់គ្លេស ដោយផ្តោតសំខាន់លើការអភិវឌ្ឍ និងទំនើបកម្មនៃប្រព័ន្ធទាំងនោះតែម្តង៕