(ឡុងដ៍)៖ ប៉ូលិសអង់គ្លេស ចាប់បានជនសង្ស័យ០៨នាក់ហើយ គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ នៅក្នុងក្របខណ្ឌស៊ើបអង្កេតពាក់ព័ន្ធនឹងការវាយ ប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកអត្តឃាត ដែលពួក ISIS អះអាងថា ជាស្នាដៃរបស់ខ្លួននៅក្នុងទីក្រុង Manchester កាលពីយប់ថ្ងៃចន្ទ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Telegraph​ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។

យោងតាមប៉ូលិសអង់គ្លេស ជនសង្ស័យទំាង០២នាក់ មានម្នាក់ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Withington នៃទីក្រុង Manchester ខណៈបុរសម្នាក់ទៀត ត្រូវចាប់ខ្លួន នៅក្នុងទីក្រុង Manchester ដដែល នៅក្នុងប្រតិបត្តិការវាយឆ្មក់មួយ ហើយបើគិតមកទល់ ពេលនេះចំនួន ជនសង្ស័យត្រូវចាប់ខ្លួនកើនដល់០៨នាក់ ក្នុងនោះមានស្ត្រីម្នាក់។ ដោយឡែកប៉ូលិសអង់គ្លេស ក៏បានបញ្ជាក់ដែរថា អត្តឃាតជនបំផ្ទុះគ្រាប់បែកត្រូវគេបញ្ជាក់អត្តសញ្ញាណថាឈ្មោះ Salman Abedi មានអាយុ២២ឆ្នាំ ចំណែកឯ ឪពុករបស់ជនរូបនេះឈ្មោះ Ramadan និងប្អូនប្រុស Hashem ត្រូវបានចាប់ឃុំខ្លួននៅក្នុងប្រទេសលីប៊ី រីឯបងប្រុសឈ្មោះ Ismail ត្រូវចាប់ខ្លួននៅក្នុងទីក្រុង Chorlton ស្ថិតនៅភាគខាងត្បូងទីក្រុង Manchester កាលពីថ្ងៃអង្គារ។

គួរបញ្ជាក់ថា ការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតនៅឯ សាលប្រគុំតន្ត្រី Ariana Grande នៃទីក្រុង Manchester បានសម្លាប់មនុស្ស ២២នាក់ ក្នុងរួមមានទំាងកុមារ និងរបួស៦៤នាក់៕