(វ៉ាស៊ីនតោន)៖ កងទ័ពអាមេរិក​កំពុងរៀបគំរោងធ្វើតេស្តសាកល្បង រថយន្តដឹកសម្ភារៈផ្គត់ផ្គង់​ស្វ័យប្រវត្តិ ឲ្យបានឆាប់​រហ័ស​តាម​តែ​អាច​ធ្វើទៅបាន នៅក្នុងឆ្នាំ​២០១៩​​ខាង​មុខ ដើម្បីពិនិត្យមើលថា យានជំនិះសម្រាប់​វិស័យយោធាគ្មាន​អ្នក​បើកបរនេះ មានសមត្ថ​ភាព​អាចបំពេញបេសកកម្ម​ពិតៗ តាមតម្រូវការបាន​ដែរ ឬយ៉ាងណា។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា យោងតាម​មេបញ្ជាការយោធា​អាមេរិក លោក Paul Ostrowski បច្ចេកវិទ្យាពាក់ព័ន្ធផ្សេងទៀត នឹងត្រូវប្រើប្រាស់រថយន្តដឹកនាំ​មួយគ្រឿង ដែលអាចធ្វើការបញ្ជាឲ្យបើកបរពីកំពង់ផែ​មួយ ទៅកាន់មូលដ្ឋានទ័ព​មួយកន្លែងផ្សេងទៀត នៅលើមហាវិថី​មួយ​ចំនួន ហើយវា​នឹងមានសមត្ថភាព​ដឹកជញ្ជូនបរិក្ខា​ប្រើប្រាស់​ ទម្ងន់ប្រមាណជា ៤៥០គីឡូក្រាមបានទៀង។ បច្ចេកវិទ្យារថពាសដែក គ្មានមនុស្សបញ្ជានេះ នឹងមានប្រសិទ្ធភាពខ្លាំង នៅក្នុងសង្គ្រាម៕