(អាមេរិក)៖ អតីតនាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ FBI របស់អាមេរិក លោក James Comey បានព្រមព្រៀងក្នុងការឡើងធ្វើការបកស្រាយ ដោយបើកចំហរនៅចំពោះមុខ គណកម្មាធិការស៊ើបអង្កេត​របស់ព្រឹទ្ធសភា ដើម្បីឆ្លើយតបនូវរាល់​សំនួរទាំងអស់ ជុំវិញការស៊ើបអង្កេត​ទំនាក់ទំនងរវាងក្រុមយុទ្ធនាការ​បោះឆ្នោត លោក ដូណាល់ ត្រាំ និងមន្ត្រីរដ្ឋាភិបាលរុស្ស៊ី។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មានអង់គ្លេស Independent នាព្រឹកថ្ងៃសៅរ៍ ទី២០ ខែឧសភា ឆ្នាំ២០១៧។

លោក Comey ត្រូវបានលោក ដូណាល់ ត្រាំ ទម្លាក់ពីតំណែងកាលពីសប្តាហ៍មុននេះ ដែលវាជាចំណាត់ការ​មួយដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត នាំឲ្យមានការចោទប្រកាន់ប្រធានាធិបតីអាមេរិករូបនេះថា បាននិងកំពុងព្យាយាម​ ធ្វើឲ្យរាំងស្ទះ​ដល់ការស៊ើបអង្កេត​របស់ FBI ទៅលើរឿងអាស្រូវដែលកាន់តែរីកធំថា ទីក្រុងម៉ូស្គូបានលូកដៃចូលកិច្ចការបោះឆ្នោត​អាមេរិក ដែលបានជួយឲ្យ លោក ដូណាល់ ត្រាំ ឈ្នះឆ្នោតកាលពី​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៦។

គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្តាហ៍នេះ គណកម្មាធិការខាងលើរបស់ព្រឹទ្ធសភា បានអំពាវនាវឲ្យលោក Comey ចូលរួមធ្វើការបកស្រាយ នៅក្នុងសម័យប្រជុំព្រឹទ្ធសភាទាំងបើកចំហរ និងបិទទ្វារ។ ពីរថ្ងៃបន្ទាប់ពីការ​ស្នើសុំ​នោះ លោក ត្រាំ បានឡើងយន្តហោះ​ពិសេសទៅកាន់ អារ៉ាប៊ី សាអូឌីត ជាប្រទេសលោកបំពេញទស្សនៈកិច្ច​ នៅបរទេសលើកដំបូងក្នុងអាណត្តិ ទើបលោក Comey ប្រកាសថា លោកយល់ព្រមចូលខ្លួនបកស្រាយ និងឆ្លើយនូវ​រាល់សំនួរទាំងអស់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែឧសភា ខាងមុខនេះ៕