(ម៉ានីល)៖ ជំនួយការកំពូលរបស់​ប្រធានាធិបតីហ្វីលីពីន លោក រ៉ូទ្រីហ្គោ ឌូតឺតេ បានប្រាប់ឲ្យដឹងថា ការសម្រេចចិត្ត​របស់លោក ឌូតឺតេ ឈប់ទទួលយកជំនួយ​ពីសហភាពអឺរ៉ុបនោះ គឺជាការបង្ហាញអំពី​នយោបាយការបរទេស​ឯករាជ្យរបស់ប្រទេសជាតិ ខណៈសមាជិកព្រឹទ្ធសភា​ហ្វីលីពីនដ៏មានឥទ្ធិពល​មួយរូប​បានចេញមុខបង្ហាញ​ពីការខកចិត្តខ្លាំង និងព្រមានចំពោះផលអវិជ្ជមាន​ជាច្រើន ដែលប្រទេសអាស៊ានមួយនេះ​នឹងត្រូវប្រឈមមុខ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ពីបណ្តាញព័ត៌មាន Inquirer របស់ហ្វីលីពីន នារសៀលថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០១៧។

មេដឹកនាំ និងជាសមាជិកព្រឹទ្ធសភាសំឡេងភាគតិច លោក Franklin Drilon បានថ្លែងនៅ​ថ្ងៃសុក្រ​យ៉ាង​ដូច្នេះថា «ខ្ញុំពិតជាសោកស្តាយ​ណាស់ ចំពោះសេចក្តីសម្រេច​របស់រដ្ឋាភិបាលនេះ។ សហភាពអឺរ៉ុបគឺជា​ដៃគូពាណិជ្ជកម្ម និងតែងតែផ្តល់​ជំនួយដ៏ល្អដល់យើង។ ទោះបីជាបែបណាក៏ដោយ ជំនួយជាច្រើនមកកាន់​ប្រជាជនយើង បានជួយសម្រួលបន្ទុកដល់ប្រជាជន​ក្រីក្រជាច្រើន ជាពិសេសនៅសហគមន៍ក្នុងខេត្ត Mindanao។» លោក Drilon ក៏បានព្រមាន​ផងដែរ ចំពោះបញ្ហាធំដែល​នឹងកើតឡើង ជាពិសេសពាណិជ្ជកម្ម​ទ្វេភាគីរវាងសហភាពអឺរ៉ុប និងហ្វីលីពីនតែម្តង។

ជាចុងក្រោយ លោក Drilon បានអំពាវនាវឲ្យរដ្ឋបាល​របស់លោក ឌូតឺតេ ធ្វើការគិតគូរឡើងវិញឲ្យបាន​ប្រុងប្រយ័ត្ន និងសិក្សាឲ្យបានច្បាស់លាស់ មុននឹងចេញសេចក្តី​សម្រេច​លើអ្វីមួយ។ គួរបញ្ជាក់ថា ប្រទេសហ្វីលីពីន តែងតែទទួលបាន​ជំនួយប្រមាណ ២៧៩លានដុល្លារ​អាមេរិក​ ពីសហភាពអឺរ៉ុប​ជារៀងរាល់ឆ្នាំ ប៉ុន្តែចាប់តាំង​ពី លោក ឌូតឺតេ ឡើងកាន់តំណែង ដោយមានសង្គ្រាម​គ្រឿងញៀនជាអាវុធ​នោះ សហភាព​អឺរ៉ុប​តែងតែធ្វើ​ការរិះគន់ និងថ្កោលទោស ដែលជាបង្កក្តីក្តៅក្រហាយយ៉ាងខ្លាំងពីលោក ឌូតឺតេ ទើបបង្កើត​​បានជាការប្រកាសលែងទទួលជំនួយ ដូរយកឯករាជ្យដូចពេលនេះ។

អ្នកជំនាញជាច្រើនបានធ្វើការព្រមានពីផលវិបាក ដែលហ្វីលីពីននឹងជួបប្រទះដោយសារការអត់ជំនួយ ដោយមិនមែនត្រឹមតែជាបញ្ហាជំនួយតែមួយមុខនោះទេ ប៉ុន្តែក៏មានបញ្ហាបន្តបន្ទាប់ទៀតដែរ ជាពិសេសគឺ​ទំនាក់ទំនងលើគ្រប់វិស័យរវាងអឺរ៉ុប-ហ្វីលីពីន ដែលរងផលប៉ះពាល់មិនអាចទប់បាន៕