(ព្យុងយ៉ាង)៖ ប្រទេសកូរ៉េខាងជើង​នៅថ្ងៃពុធនេះ បានលើកហេតុផល​ការពារ ការធ្វើតេស្ត​បាញ់មីស៊ីលផ្លោង​របស់ខ្លួន​​នាពេលថ្មី​ៗ​នេះថា គ្រាន់តែជា​ការអនុវត្តន៍​ធម្មតាៗ ដើម្បីបង្កើន​សមត្ថភាពអាវុធ​នុយក្លេអ៊ែរ​ សម្រាប់ស្វ័យការពារ​ប៉ុណ្ណោះ ហើយបាន​​ទាត់ចោលសេចក្តីថ្លែងការណ៍​ថ្កោលទោស​របស់ ក្រុមប្រឹក្សាសន្តិសុខ​នៃអង្គការសហប្រជាជាតិ​ថែមទៀតផង។ នេះបើតាមការ​ចេញផ្សាយ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ិនហួរ នៅរសៀល​ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កូរ៉េខាងជើង បានថ្លែងថា «ការធ្វើតេស្ត​បាញ់ដោយជោគជ័យ​ នូវគ្រាប់មីស៊ីលផ្លោង​រយៈចម្ងាយមធ្យម Hwasong-12 នឹងចូលរួម​ចំណែកក្នុង​កិច្ចខិតខំប្រឹងប្រែង​ ធានារក្សា​សន្តិភាព ក៏ដូចជាស្ថិរភាព​នៅក្នុងតំបន់​ឧបទ្វីបកូរ៉េ​ទាំងមូល ហើយវា​គឺជាជោគជ័យ​ដ៏អស្ចារ្យបំផុត សម្រាប់​ប្រជាជាតិ​កូរ៉េ»

យោងតាម​ទីភ្នាក់ងារព័ត៌មាន​រដ្ឋកូរ៉េខាងជើង KCNA ទីក្រុង​ព្យុងយ៉ាង ក៏កំពុងតែ​បង្កើនសកម្មភាព​ការទូត ដើម្បីស្វែង​រកការ​ជួយ​ជ្រោមជ្រែង​គាំទ្រ ព្រមទាំង​ការយោគយល់​ពីសំណាក់​បណ្តាប្រទេស​នានា ជុំវិញការធ្វើ​តេស្តមីស៊ីល​របស់ខ្លួនផងដែរ ដោយ​​ក្រសួង​ការបរទេសកូរ៉េខាងជើង​ នាថ្ងៃចន្ទដើម​សប្តាហ៍នេះ បានធ្វើសេចក្តី​ថ្លែងការណ៍ដ​ល់ក្រុមបេសកជន​ការទូតអាស៊ាន ​ស្តីពីស្ថានការណ៍​បច្ចុប្បន្ននៅ​ឧបទ្វីបកូរ៉េ។

ក្រុមមន្រ្តី​កូរ៉េខាងជើង បានចោទប្រកាន់​សហរដ្ឋអាមេរិកថា បានដាក់សម្ពាធ​ដោយបើកចំហទៅលើប្រទេសដទៃៗ ឲ្យការផ្តាច់​ ឬ​កាត់បន្ថយកម្រិត​ចំណងការទូត​ជាមួយរបបដឹកនាំ​ទីក្រុងព្យុងយ៉ាង តាមរយៈប្រើប្រាស់សេចក្តី​សម្រេច​ដាក់ទណ្ឌកម្ម​ ប្រឆាំងនឹង​កូរ៉េខាងជើង។ ការលើកឡើង​បែបនេះគឺពួកគេចង់​សំដៅលើ​ជំនួបនាពេលថ្មីៗ​នេះ រវាង​រដ្ឋមន្រ្តីការបរទេស​អាមេរិក លោក Rex Tillerson និងក្រុមមន្រ្តី​ការបរទេស​អាស៊ាន នៅឯទីក្រុង​វ៉ាស៊ីនតោន។

គួរបញ្ជាក់ថា ជុំវិញការធ្វើ​តេស្តមីស៊ីលផ្លោង​កាលពីថ្ងៃអាទិត្យ​កន្លងទៅនេះ ទាំងក្រុមប្រឹក្សាសន្តិសុខ​នៃអង្គការ​សហប្រជាជាតិ​ និង​ប្រមុខ​ដឹកនាំ UN បានធ្វើការ​ថ្កោលទោស​យ៉ាងខ្លាំង​ ចំពោះសកម្មភាពបង្កហេតុ មិនចេះចប់របស់​រដ្ឋកុម្មុយនិស្ត​មួយនេះ៕