(មីយ៉ាន់ម៉ា)៖ បន្ទាប់ពីគណបក្សសម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ​របស់ លោកស្រី អោងសាន ស៊ូជី ឈ្នះនៅក្នុងការ​បោះឆ្នោតសកល​កាលពីឆ្នាំ២០១៥ មនុស្ស​គ្រប់គ្នាសុទ្ធតែគិតថា ម្ចាស់ជ័យលាភីពាន​រង្វាន់ណូបែល​សន្តិភាព និងជានិមិត្តរូប​នៃលទ្ធិប្រជាធិបតេយ្យ​រូបនេះ អាចនឹងដោះស្រាយ​បញ្ហាជាច្រើន ដូចជាការធ្វើ​កំណែទម្រង់​ច្បាប់មួយចំនួន ក៏ដូចជា​ដោះស្រាយ​ការធ្វើទុក្ខបុកម្នេញ​ លើជនជាតិដើម​ភាគតិចរ៉ូហីងយ៉ា នៅក្នុងប្រទេសមីយ៉ាន់ម៉ា។ ក៏ប៉ុន្តែ មកទល់ពេលនេះ កិច្ចការទំាងឡាយនោះ​មិនទាន់លេចចេញ​ផ្លែផ្កា ជាដុំកុំភួននៅឡើយទេ ប៉ុន្តែផ្ទុយ​ទៅវិញបែរជា​លេចលឺព័ត៌មានថា លោកស្រី ស៊ូជី ជាមនុស្សដែលដឹកនាំបក្សខ្លួនឯងតាមរបៀបផ្ដាច់ការ​ទៅវិញ។ នេះបើតាម​សារព័ត៌មាន Al jazeera ធ្វើការចុះផ្សាយ។

Al jazeera ផ្អែកលើប្រភព​មិនបញ្ចេញឈ្មោះ ដែលខ្លួនទទួលបានបានអះអាងយ៉ាងដូច្នេះថា «គាត់ (លោកស្រី អ៊ុងសាន ស៊ូជី) ដឹកនាំគណបក្ស​របស់ខ្លួន​ដូចជនផ្ដាច់ការ។ គាត់មិនដែល​ស្ដាប់ ឬក៏ទទួល​យោបល់អ្នកដទៃ​នោះឡើយ ហើយគាត់តែងតែចាត់ទុកពួកយើងថា ជាក្មេងសិស្សសាលា ដូច្នេះយើង​មិនហ៊ានសួរសំណួរគាត់ ដូចជាមនុស្សចាស់ទុំ​ម្នាក់នោះឡើយ»។ ជាងនេះ​ទៅទៀត នៅក្រោមការ​គ្រប់គ្រងដោយរដ្ឋាភិបាល​មីយ៉ាន់ម៉ា របស់អតីត​ប្រធានាធិបតី​លោក ថេន សេន ប្រជាជន​មីយ៉ាន់ម៉ា​មានអារម្មណ៍ថា ពួកគេ​ត្រូវបានគេធ្វើតេស្ដ​អំពីព្រំដែននៃសេរីភាពបញ្ចេញមតិ ជាពិសេសនៅលើបណ្ដាញ  Facebook តែម្ដង។

ក៏ប៉ុន្តែ​នៅក្រោមរដ្ឋាភិបាល​របស់លោកស្រី អោងសាន ស៊ូជី ច្បាប់ទូរគមនាគមន៍មីយ៉ាន់ម៉ា បែរជាអនុញ្ញាតឱ្យមានការប្ដឹងផ្ដល់​ចំពោះ បទបរិហាក្កេរ៍ នៅលើបណ្ដាញ Internet​ ពោលគឺតាម​រយៈច្បាប់នេះ ចៅក្រម​បានប្រើប្រាស់វា​ដើម្បីបំបិទមាត់អ្នក​រិះគន់លោកស្រី ស៊ូជី គណបក្សរបស់​លោកស្រី និងយោធា​ដោយគ្មានលក្ខខណ្ឌ​អ្វីទាំងអស់។

គួរបញ្ជាក់ថា បើតាមប្រភព​ខាងលើ បើទោះជា​គណបក្សសម្ព័ន្ធជាតិ​ដើម្បីប្រជាធិបតេយ្យ របស់លោកស្រី អោងសាន ស៊ូជី ដឹកនាំរដ្ឋាភិបាល និងមានសំឡេងគ្រប់គ្រាន់​ក្នុងការធ្វើកំណែទម្រង់​លើច្បាប់ចាំបាច់មួយ​ចំនួនក៏ដោយ តែគណបក្ស​មួយនេះ នៅតែស្ទាក់ស្ទើរធ្វើដូច្នោះដដែល ខណៈលោកស្រី ស៊ូជី ខ្លួនឯង​ផ្ទាល់ កំពុងប្រឈមមុខ​នឹងការរិះគន់​ពីសំណាក់ក្រុមអង្គការ​សិទ្ធិមនុស្ស ពាក់ព័ន្ធនឹង​ការធ្វើទុក្ខបុកម្នេញ​ លើជនជាតិដើមភាគតិច​មូស្លីមរ៉ូហីងយ៉ា៕