(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិអាមេរិកបានឱ្យដឹងថា ក្រុមហ៊ុនផលិតបរិក្ខា​យោធាអាមេរិក Lockheed Martin ទទួលបានប្រាក់ ៨.៥លានដុល្លារ ក្រោមកិច្ចសន្យាលើកម្មវិធីអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រង​មីស៊ីល Tomahawk សម្រាប់កងទ័ពជើងទឹក​អាមេរិក និងអង់គ្លេស។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Sputnik ​នៅរសៀលថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។

នៅក្នុងសេចក្ដីប្រកាសរបស់ខ្លួន ក្រសួងការពារជាតិអាមេរិកនៅថ្ងៃអង្គារសប្តាហ៍នេះ​បានបញ្ជាក់​យ៉ាងដូច្នេះថា «ក្រុមហ៊ុន Lockheed Martin ទទួលបានប្រាក់ ៨.៥លានដុល្លារ... ដើម្បីប្រើប្រាស់​ក្នុងការគ្រប់គ្រង និងថែរក្សា​ក៏ដូចជាអភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​មីស៊ីល Tomahawk»។  

គួរបញ្ជាក់ថា បើតាមសេចក្ដីប្រកាស​ព័ត៌មាននេះដដែល ផ្អែកលើកិច្ចសន្យា​ខាងលើ ក្រុមហ៊ុន Lockheed Martin ក៏នឹងផ្ដល់ការ​ផ្គត់ផ្អង់ផងដែរនូវប្រព័ន្ធ និងកម្មវិធីឯកសារ​ដល់កងទ័ពជើងទឹក​អាមេរិក និងរដ្ឋាភិបាល​អង់គ្លេស។ Tomahawk ជាគ្រាប់មីស៊ីលកម្លាំងខ្លាំងមួយ ដែលត្រូវបានប្រើប្រាស់ក្នុងការ​វាយប្រហារ​លើប្រទេសស៊ីរី ដោយកាលណោះអាមេរិក បានបាញ់អស់ ៥៩គ្រាប់៕