(ម៉ានីល)៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានថ្លែងនាពេលថ្មីៗ​នេះថា រូបលោក​នឹងជំរុញឲ្យមាន​ការរួមបញ្ចូល​ប្រទេស​តួកគី និងម៉ុងហ្គោលី ទៅក្នុងសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (អាស៊ាន) និងបានទាត់ចោលក្តី​ព្រួយបារម្ភអំពី​ទីតាំងភូមិសាស្រ្ត​ នៃប្រទេស​​ទាំងពីរ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Channel News Asia នៅព្រឹក​ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។

លោក ឌូតឺតេ ដែលមាន​ហ្វីលីពីនជាម្ចាស់ផ្ទះ​នៃកិច្ចប្រជុំកំពូល​អាស៊ាន នាឆ្នាំ២០១៧នេះ​បានថ្លែងថា មេដឹកនាំម៉ុងហ្គោលី ​និងតួកគីបាន​ប្រាប់លោក​អំពីក្តីបំណងរៀងខ្លួន ក្នុងការចូលរួម​ជាសមាជិក​អាស៊ាន ខណៈពេល​ដែលមេដឹកនាំទាំងបីរូប​មានវត្ត​មាន​ នៅក្នុងប្រទេសចិន​កាលអំឡុងចុង​សប្តាហ៍មុននេះ ដើម្បីចូលរួមកិច្ច​ប្រជុំស្តីពី គម្រោង​ប្រព័ន្ធហេដ្ឋារចនា​សម្ព័ន្ធពាណិជ្ជកម្ម​សកល ខ្សែក្រវាត់ និងផ្លូវ។

លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រាប់ក្រុម​អ្នកសារព័ត៌មាន​ នៅក្នុងប្រទេស​របស់លោក​យ៉ាងដូច្នេះថា «ពួកគេ (ម៉ុងហ្គោលី-តួកគី) ចង់​ចូលជា​សមាជិកអាស៊ាន ហើយដោយសារ​តែឥឡូវនេះខ្ញុំ​ក៏ដូចជា​ហ្វីលីពីន គឺជាប្រធាន ពួកគេមាន​ចេតនាចង់ឲ្យ​ខ្ញុំផ្តល់ការគាំទ្រ ​​ចំពោះ​ការចូលរួមរបស់ពួកគេ... ខ្ញុំក៏បានឆ្លើយយល់ព្រម»។  

ជុំវិញទីតាំង​ភូមិសាស្រ្តនៃ​ប្រទេសទាំងពីរ តួកគីស្ថិត​នៅចន្លោះទ្វីបអឺរ៉ុប និងអាស៊ីហើយការដាក់​ពាក្យចូលជា​សមាជិកភាព​ នៃ​សហភាពអឺរ៉ុប​របស់ប្រទេស​មួយនេះ ត្រូវបានអូស​បន្លាយក៏ដូចជាជួប​ភាពរាំងស្ទះ​ អស់រយៈពេល​ជាច្រើនឆ្នាំ។ រី​ឯ​ទីតាំង​​របស់​ម៉ុងហ្គោលី​វិញ ត្រូវព័ទ្ធជុំវិញ​ដោយរុស្ស៊ី និងចិន។ យ៉ាងណាមិញ​លោក ឌូតឺតេ បានទទូចថា​ ប្រទេសទាំងពីរ​ស្ថិតក្នុងផ្នែក​នៃតំបន់​អា​ស៊ី​។

ដោយឡែកពាក់ព័ន្ធ​នឹងសម្តីរបស់​លោក​ប្រធានាធិបតី​ហ្វីលីពីន លេខាធិការដ្ឋានអាស៊ាន​បានឲ្យដឹងថា តួកគី និងម៉ុងហ្គោលមិន​ធ្លាប់​ដែលបានដាក់​ពាក្យស្នើសុំសមាជិកភាព​ នៃប្រជាជាតិតំបន់​អាស៊ីអាគ្នេយ៍នោះ​ឡើយ។ លោក Lee Yoong Yoong នាយក​កិច្ចការសហគមន៍​នៃលេខាធិការដ្ឋាន​អាស៊ាន ប្រចាំនៅទីក្រុងហ្សាការតា​នៃប្រទេស​ឥណ្ឌូណេស៊ី បានឲ្យដឹង​តាមរយៈសារ​អ៊ី​ម៉ែល​ថា «បញ្ហានេះមិន​ដែលត្រូវបានលើក​ឡើង មកពិភាក្សា​នៅអាស៊ានឡើយ»

គួរបញ្ជាក់ថា ទីតាំងភូមិសាស្រ្ត​គឺជាលក្ខណៈវិនិច្ឆ័យ​ដំបូងគេបំផុត សម្រាប់សមាជិកភាព​អាស៊ាន រួមជាមួយ​និងការទទួលស្គាល់ ពី​សំណាក់​សមាជិកទាំងអស់ ខណៈដែលគ្រប់គ្នាដឹងថា សមាជិកអាស៊ានទាំង១០ គឺសុទ្ធសឹងតែជាប្រទេសដែលស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយក្នុងនោះប្រទេស ទីម័រខាងកើត ក៏កំពុងប្រឹងប្រែងខ្លាំងបំផុតដែរ ដើម្បីអភិវឌ្ឍន៍ខ្លួនរហូតអាចក្លាយជាសមាជិកអាស៊ានទី១១ នៅថ្ងៃអនាគត៕