(ម៉ានីល)៖ គណៈកម្មការ​ទទួលបន្ទុក​ការតែងតាំង (CA) នៃព្រឹទ្ធសភា​ហ្វីលីពីន ទីបំផុតនៅថ្ងៃពុធ​នេះ​​បាន​អនុម័ត​ទទួល​ស្គាល់​ការ​ជ្រើសតាំងព្រឹទ្ធសមាជិក លោក Alan Peter Cayetano ធ្វើជារដ្ឋមន្រ្តី​ការបរទេសថ្មី នៃប្រទេសហ្វីលីពីន តបតាមការណែនាំរបស់ប្រធានាធិបតី លោក រ៉ូឌ្រីហ្គោ ឌូតឺតេ។ នេះបើតាមការចេញ​ផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។

ការសម្រេចទទួល​ស្គាល់យ៉ាងឆាប់​រហ័ស របស់គណៈកម្មការ​ដ៏មានឥទ្ធិពលបំផុត​មួយនេះ ត្រូវបានធ្វើឡើង​មួយ​សប្តាហ៍​​បន្ទាប់​ពី​ លោក Cayetano ត្រូវបានជ្រើសរើស​ជាផ្លូវការ​ដោយប្រធានធិបតីហ្វីលីពីន​ លោក រ៉ូឌ្រីហ្គោ ឌូតឺតេ ដែល​បាន​​ធ្វើ​សេចក្តី​ប្រកាសអំពី​ការតែងតាំង លោក Cayetano កាលពីថ្ងៃទី១០ ខែឧសភានេះ។

គួរបញ្ជាក់ថា លោក Alan Peter Cayetano នឹងត្រូវជំនួសតំណែង លោក Perfecto Yasay ដែលត្រូវបាន CA បដិសេធចោល​ការ​តែងតាំង​ កាលពីខែមីនាកន្លងទៅ ដោយសារតែ​ប្រាសចាក​ពាក្យស្បថ និងលួចបិទបាំង​រឿងសញ្ជាតិអាមេរិក​ កាលពីឆ្នាំ១៩៨៦។ រយៈពេលប្រមាណ​ជាពីរខែកន្លង​មកនេះ អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ហ្វីលីពីន លោក Enrique Manalo បាន​កាន់​មុខតំណែង​ជំនួស លោក Yasay ជាបណ្តោះអាសន្ន៕