(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​បានសម្រេចចិត្ត​ដាក់ទណ្ឌកម្ម​លើបុគ្គល ០៥រូប និងអង្គភាព​ចំនួន០៥ ដែលមានជាប់ពាក់ព័ន្ធ​នឹងការផ្ដល់ការ​គាំទ្រដល់រដ្ឋាភិបាលស៊ីរី របស់លោក​ប្រធានាធិបតី បាស្សា អាល់ អាស្សាដ ក្រោយការបាញ់ស្រោចមីស៊ីល ៥៩គ្រាប់លើទឹកដីស៊ីរី។ នេះបើតាម​ក្រសួងរតនាគារជាតិ​អាមេរិក ដកស្រង់ដោយ​សារព័ត៌មានចិនស៊ិនហួរ នៅព្រឹកថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។

ក្រសួងរតនាគារជាតិ​អាមេរិក នៅថ្ងៃអង្គារ​សប្ដាហ៍នេះ​បានឱ្យដឹងថា នៅក្នុងចំណោម​បុគ្គលជាប់​ទណ្ឌកម្ម ក៏មានសាច់ញាតិ លោក Rami Makhluf ដែលជាបងប្អូនជីដូន​មួយរបស់លោក អាស្សាដ និងជាអ្នកជំនួញ​ដ៏មានឥទ្ធិពល​ម្នាក់ នៅក្នុងប្រទេសស៊ីរី។ មិនតែប៉ុណ្ណោះ​ទីក្រុងវ៉ាស៊ីនតោន ក៏បានដាក់ ទណ្ឌកម្មផងដែរ​ប្រឆាំងនឹង នាយកមជ្ឈមណ្ឌលស្រាវជ្រាវ និងសិក្សា​វិទ្យាសាស្ត្រស៊ីរី​ (SSRC) លោក Muhammed Bin-Muhammed Faris Quwaydir សម្រាប់ការ​ទទួលខុសត្រូវលើ​ការអភិវឌ្ឍ និងផ្ដល់អាវុធគីមី​ដល់រដ្ឋាភិបាលស៊ីរី។

គួរបញ្ជាក់ថា កាលពីខែមុន សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្ម​បុគ្គលិក ២៧១នាក់ របស់ SSRC ជាការឆ្លើយតប​ទៅនឹងការចោទប្រកាន់ថា រដ្ឋាភិបាលស៊ីរីប្រើបា្រស់​អាវុធគីមីសម្លាប់​ជនស៊ីវិលស្លូតត្រង់​ជាង ៨០នាក់ នៅក្នុងទីក្រុង Khan Sheikhoun នៃខេត្ត Idlib កាលពី​ថ្ងៃទី០៤ ខែមេសា៕