(សិង្ហបុរី)៖ ជើងហោះហើរសរុបចំនួន ៤០​ ដែលត្រូវបានបិទ​ដំណើរការជា​បណ្ដោះអាសន្នកាល​ពីល្ងាចថ្ងៃអង្គារ បន្ទាប់ពីសេចក្ដីរាយការណ៍ថា មានអគ្គិភ័យឆាបឆេះនៅ ច្រកចូលទី២ នៃអាកាសយន្ដដ្ឋាន Changi Airport ឥឡូវនេះត្រូវបានបើកឲ្យដំណើរការឡើងវិញហើយ ក្រោយពីក្រុមត្រួតពិនិត្យ អះអាង​ពីសុវត្ថិភាពរួចរាល់។ នេះបើតាមការអះអាងពីអ្នកគ្រប់គ្រងអាកាសយានដ្ឋាន ដកស្រង់​ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។

យោងតាម​អ្នកគ្រប់គ្រង​អាកាសយានដ្ឋាន Changi Airport ច្រកទី០២​នៃអាកាសយានដ្ឋាន ត្រូវបាន​ភ្លើងឆាបឆេះ​នៅម៉ោងប្រមាណ ​១០៖០០នាទីយប់ ដោយបានបង្ខំឱ្យជើងហោះហើរចំនួន ៤០ ត្រូវបិទ​ដំណើរការជាបណ្តោះអាសន្ន ខណៈមូលហេតុបង្ក​ឱ្យមានអគ្គីភ័យនេះកើតឡើង កំពុងស្ថិត​នៅក្រោមការស៊ើប​អង្កេតនៅឡើយ រីឯខាង​អាកាសយានដ្ឋាន Changi Airport ក៏បានសន្យា​ចូលរួមនៅក្នុង​ការស៊ើបអង្កេត​ ជាមួយអាជ្ញាធរ​សិង្ហបុរីផងដែរ។

គួរបញ្ជាក់ថា នៅលើ Facebook របស់ខ្លួន អាកាសយានដ្ឋាន Changi Airport បានឱ្យដឹងថា ប្រតិបត្តិការ​ទំាងឡាយ បានដំណើរការជាធម្មតានៅម៉ោង ៣៖០០នាទីទៀបភ្លឺ ហើយជើង​ហោះហើរ ចាកចេញពី​ច្រកទី០២ បានដំណើរឡើងវិញ​នៅម៉ោង ៥៖៤០នាទីព្រឹកព្រហាមថ្ងៃពុធនេះ (ម៉ោងនៅក្នុង​ប្រទេស​សិង្ហបុរី)៕