(សេអ៊ូល)៖ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បានឲ្យដឹងថា កម្មវិធីមីស៊ីលផ្លោង​របស់កូរ៉េខាងជើង​ កំពុងតែវិវឌ្ឍន៍ទៅមុខ​យ៉ាងឆាប់​រហ័ស​ជាងគេរំពឹងទុក ស្របពេល​ដែលការធ្វើតេស្តមីស៊ីលនាពេលថ្មីៗនេះ ត្រូវចាប់សញ្ញាបាន​ដោយប្រព័ន្ធខែល​ការពារមីស៊ីល THAAD របស់​សហរដ្ឋអាមេរិក ដែលត្រូវបាន​ដាក់ពង្រាយនៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​ កាលពីខែមុន។ នេះបើ​តាមការចេញផ្សាយ​ដោយ​ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹក​ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០១៧។

រដ្ឋមន្រ្តីក្រសួង​ការពារជាតិ​កូរ៉េខាងត្បូង​ លោក Han Min-koo បានលើកឡើងថា ការធ្វើតេស្ត​កាលពីថ្ងៃអាទិត្យ​កន្លងទៅនេះ គឺជា​ការ​ទទួល​​បាន​ជោគ​ជ័យ​​មួយ​នៅ​ក្នុង​ការ​ហោះហើរ ដោយវាគឺជាប្រភេទ​មីស៊ីលផ្លោង​រយៈចម្ងាយ​មធ្យម IRBM ដែលត្រូវ​បាន​​តំឡើង​សមត្ថភាព និងរចនាឡើង​ ដើម្បីអាចហោះបានរយៈចម្ងាយចន្លោះពី ៣,០០០ ទៅ ៤,០០០គីឡូម៉ែត្រឯណោះ។

ទន្ទឹមនឹងនេះ​នៅពេលត្រូវបាន​ចោទសួរ នៅឯសភា​កូរ៉េខាងត្បូងថា តើកម្មវិធីមីស៊ីល​ផ្លោងរបស់​កូរ៉េខាងជើង កំពុង​មាន​​ការ​រីក​ចម្រើន​​ទៅ​មុខ​ខ្លាំង​​ហួស​​ពី​ការរំពឹង​ទុកដែរ​ ឬយ៉ាងណានោះ លោក Han បានឆ្លើយតបថា «ប្រាកដណាស់»។ ម៉្យាង​វិញ​​ទៀត​លោក​រដ្ឋមន្រ្តីការពារជាតិ​ក៏បានឲ្យដឹងដែរថា ប្រព័ន្ធ​ការពារមីស៊ីល THAAD ចាប់បាន​សញ្ញារបស់​មីស៊ីលនោះ ដែលវាគឺជា​លើក​ទីមួយហើយ​ដែលវាត្រូវបាន​ប្រើប្រាស់ ចាប់តាំងតាំង​ពីការដាក់ពង្រាយ​ កាលពីខែមេសា​កន្លងទៅ។

ចំណែកឯទីក្រុង​ព្យុងយ៉ាងវិញ​បានអះអាងថា ការធ្វើតេស្តនាថ្ងៃអាទិត្យ​កន្លងទៅនេះ គឺជាការធ្វើ​ស្ទាបស្ទង់​សមត្ថភាព​មីស៊ីល​ផ្លោង​ ក្នុងការបំពាក់​ក្បាលគ្រាប់​នុយក្លេអ៊ែរ ដែលមាន​ទម្ងន់ធ្ងន់ និងទំហំធំនាពេល​អនាគត ហើយឯកអគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំនៅ​ទីក្រុងប៉េកាំង​បានថ្លែងនាថ្ងៃចន្ទដើម​សប្តាហ៍នេះថា ប្រទេសរបស់លោក​នឹងបន្តធ្វើការសាកល្បង​បែបនេះ នៅគ្រប់ទីកន្លែង​ និង​ពេលវេលាទាំងអស់៕