(ម៉ានីល)៖ គណៈកម្មាធិការសភាហ្វីលីពីន នៅថ្ងៃចន្ទនេះ បានសម្រេចចិត្តជាឯកច្ឆ័នទាត់ចោលពាក្យបណ្ដឹង​ស្នើសុំទម្លាក់លោកប្រធានាធិបតី រ៉ូទ្រីហ្គោ ឌូតើតេ ពីអំណាចជាប្រធានាធិបតី ដោយសំអាងថា គ្មានមូលដ្ឋានគ្រប់គ្រាន់ ហើយថាមិនគួរត្រូវបានលើកមកជជែកសារជាថ្មីទៀតនោះទេ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន R​euters នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០១៧។​

យោងតាមពាក្យបណ្ដឹងខាងលើរបស់លោក Gary Alejano ដែលជាសមាជិកក្រុមតំណាងរាស្ត្រភាគតិច បានចោទប្រកាន់លោក ឌូតើតេ ថា បាន ប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ រួមមានទំាងការបិទបាំងទ្រព្យសម្បត្តិ ការបង្គាប់ឱ្យប៉ូលិសម្លាប់ មនុស្សក្រៅប្រព័ន្ធតុលាការ នៅក្នុងសង្រ្គាមប្រឆាំងគ្រឿងញៀន ព្រមទំាងគ្មានឆន្ទៈពិតប្រាកដ ក្នុងការការពារដែនអធិបតេយ្យភាពហ្វីលីពីន នៅឯតំបន់សមុទ្រចិនខាងត្បូង ជាទីដែលកំពុងមានជម្លោះ ជាមួយចិន។ ក៏ប៉ុន្តែការទាត់ចោលពាក្យបណ្ដឹងនេះ មិនបានធ្វើឱ្យគេគ្រប់គ្នា​ភ្ញាក់ផ្អើលនោះឡើយ ខណៈគេបានទាយទុកលទ្ធផលជាមុនរួចទៅ ហើយ ត្បិតមានសមាជិកសភាហ្វីលីពីនភាគច្រើនគំាទ្រ លោក ឌូតើតេ។

ដោយឡែកជុំវិញ ការសម្រេចចិត្តនេះដែរ លោក Gary Alejano បានថ្លែងថា ការសម្រេចចិត្តពីគណៈកម្មាធិការសភា ធ្វើឡើងផ្អែកលើប្រជាប្រិយ ភាពរបស់លោកឌូតើតេ ហើយថានឹងត្រូវទទួលខុសត្រូវចំពោះការវិលត្រឡប់ទៅរករបបផ្ដាច់ការ។ «ខ្ញុំធានាចំពោះអ្នកថា បើសិនជាយើងបណ្ដោយឱ្យ ប្រធានាធិបតី អនុវត្តអំណាចរំលោភលើរដ្ឋធម្មនុញ្ញ ... ហើយបើសិនជាយើងអនុញ្ញាតឱ្យរឿងបែបនេះ កើតឡើងនៅពេលអានាគត់ នោះហ្វីលីពីន នឹងវិលត្រឡប់ទៅរករបបផ្ដាច់ការសាជាថ្មី»។ នេះគឺជាសម្ដី លោក Gary Alejano៕