(សិង្ហបុរី)៖ រដ្ឋាភិបាល និងបណ្ដាក្រុមហ៊ុនមួយចំនួននៅអាស៊ីបានអះអាងថា ពួកគេបាន និងកំពុងទទួលរងគ្រោះ​​ដោយសារការ​វាយប្រហារ​ព័ត៌មាន តាមរយៈកម្មវិធី​មេរោគមួយ​ប្រភេទដែល​ក្រុមអ្នក Hacker ​ប្រើសម្រាប់ជំរិត​​ទារប្រាក់​នោះគឺ WannaCry ransomware ហើយទន្ទឹមគ្នានេះ ក្រុមអ្នកជំនាញ​ព័ត៌មានវិទ្យា​បានក៏ព្រមាន ពីផលប៉ះពាល់ធ្ងន់ធ្ងរ​ចំពោះអ្នកប្រើប្រាស់​កុំព្យូទ័រប្រភេទ Window​ របស់​ក្រុមហ៊ុន Microsoft ផងដែរ។ នេះបើតាមការ​ចេញផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០១៧។

មេរោគ ransomware បានបង្កផលប៉ះពាល់​ដល់កំព្យូទ័រ​ចំនួន ២០០,០០០គ្រឿង នៅក្នុងប្រទេស​ច្រើន​ជាង១៥០ តាមរយៈអ៊ីម៉ែល (សារអេ ឡិចត្រូនិច) ដោយវាយប្រហារ​ទៅប្រព័ន្ធកុំព្យូទ័រ​របស់រោងចក្រ មន្ទីរពេទ្យ ហាងទំនិញ និងសាលារៀន​ជាដើម។ «ការវាយប្រហារ​ព័ត៌មានវិទ្យា ដោយប្រើ​កម្មវិធី ransomware អនុវត្តន៍​ឡើងតាមរយៈ​សារអេឡិចត្រូនិច ដែលជាឧទាហរណ៍​គឺក្រុម Hacker បានឃាត់ទុកសារមួយចំនួនរបស់អ្នក​ប្រើប្រាស់ ហើយបន្ទាប់មក​ពួកគេនឹងផ្ញើសារ​ទារប្រាក់ ជាថ្នូរហ្នឹងការបើកឯកសារ​នោះឡើង​វិញ»។ នេះបើតាមអ្នកជំនាញព័ត៌មានវិទ្យាមកពីក្រុមហ៊ុន Network Box មានមូលដ្ឋានក្នុងទីក្រុងហុងកុង លោក Michael Gazeley។

គួរបញ្ជាក់ថា បើតាមលោក Michael Gazeley ក្រុមហ៊ុនធំៗជាច្រើន​នៅអាស៊ី បានរងគ្រោះ​ដោយសារកម្មវិធី​មេរោគ ransomware ប៉ុន្តែអ្វីដែលពួកគេត្រូវ​ធ្វើគឺបង្ហាញវា​ជាសាធារណៈ និងទទួលស្គាល់វា។ បច្ចុប្បន្នក្រុមជំនាញពាក់ព័ន្ធផ្នែកបច្ចេកវិទ្យាកំពុងតែព្យាយាមស្វែងយក់បន្ថែម និងរកវិធីដោះស្រាយបញ្ហា ដែលបានផ្ទុះឡើងចាប់តាំងពីអំឡុងខែមេសាមកនេះ៕