(អាហ្វ្រិក)៖ មនុស្សយ៉ាងហោចណាស់​ ០៣នាក់បានស្លាប់ មានជាប់ពាក់ព័ន្ធនឹងវីរុស Ebola​ ដែលត្រូវបាន​គេសង្ស័យថា កំពុងរាតត្បាតសាជាថ្មីនៅឯតំបន់សាច់ស្រយាលមួយកន្លែង ស្ថិតនៅ​ភាគខាងជើងសាធារណរដ្ឋប្រជាធិបតេយ្យ​កុងហ្គោ ខណៈក្រុមមន្ត្រី​សុខាភិបាលបាន​ធ្វើដំណើរទៅ កាន់ប្រទេស​ក្នុងតំបន់អាហ្រ្វិក​កណ្ដាលមួយនេះ​ ដើម្បីរកវិធានការ​ឆ្លើយតបទៅនឹង​ការកើនឡើង​ករណីវីវុស Ebola។ នេះបើតាមអង្គការ​របាយការណ៍ពីមន្ត្រីនៃសុខភាពពិភពលោក WHO ដកស្រង់ដោយ​​សារព័ត៌មាន CGTN នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០១៧។

យោងតាម​អង្គការ WHO ជនរងគ្រោះទាំង​០៣នាក់ខាងលើ មកពីតំបន់​សុខភិបាល Likati នៃខេត្ត Bas-Uele ស្ថិតនៅជាប់​ព្រំដែនជាមួយ​សាធារណរដ្ឋ​អាហ្វ្រិកកណ្ដាល។ ជាមួយគ្នា​នោះដែរ ក្រុមអាជ្ញាធរ​សុខភិបាល​កំពុងស្រាវជ្រាវ និងចាត់វិធានការ​ទប់ស្កាត់​ជាបណ្ដើរៗ​ហើយ  ដោយក្នុងនោះ​រួមមានទំាង​ការធ្វើតេស្ដ និងព្យាបាល ឬក៏ដាក់ឱ្យនៅ​ឆ្ងាយពីគេឯង រាល់អ្នកជំងឺ​ណាដែលសង្ស័យថា​ បានឆ្លងវីរុស Ebola។

គួរបញ្ជាក់ថា នៅចន្លោះពី​ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ វីរុស Ebola ៨១៥ករណីត្រូវបានគេរក​ឃើញ ហើយពីរភាគបី​នៃអ្នកឆ្លងវីរុសនេះ បានបាត់បង់ជីវិត។ បើគិតនៅក្នុងអំឡុង​ឆ្នាំ២០១៤ ជាពេលដែល Ebola រីករាលដាលខ្លាំង ប្រជាជន​ប្រមាណ ១១,៣០០នាក់​បានស្លាប់ និង២៨,០០០នាក់​ឆ្លង Ebola​ នៅក្នុងប្រទេស​អាហ្រិ្វកខាងលិច ដូចជា ហ្គីណេ (Guinea), សៀរ៉ា ឡេអូន (Sierra Leone) និង​លីបេរីយ៉ា (Liberia)៕