(ប៉េកាំង)៖ ដូចទម្លាប់សព្វដង ចិនបានអំពាវនាវឱ្យ​ភាគីពាក់ព័ន្ធទាំងអស់​មានការអត់ធ្មត់ និងបញ្ចៀស​ឱ្យបានរាល់ការធ្វើសកម្មភាព​ទំាងឡាយ​ណា ដែលបង្កឱ្យស្ថានភាព​កាន់តែស្មុគស្មាញ បន្ទាប់ពី​កូរ៉េខាងជើង បាញ់សាកល្បង​គ្រាប់មីស៊ីលផ្លោងកាលពីថ្ងៃអាទិត្យ។ នេះបើតាម​ក្រសួង ការបរទេសចិន​ ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០១៧។

ក្រសួងការបរទេសចិន នៅក្នុងសេចក្ដីថ្លែងការណ៍​របស់ខ្លួន​បានលើកឡើង​ដូច្នេះថា «ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​បានបង្ហាញ​យ៉ាង ច្បាស់ស្ដីពីការបាញ់សាកល្បងមីស៊ីលផ្លោង​ពីសំណាក់កូរ៉េខាងជើង​ ហើយទីក្រុង​ប៉េកាំង ជំទាស់ចំពោះសកម្មភាព​បែបនេះ ដែលផ្ទុយទៅនឹង ដំណោះស្រាយ​ក្រុមប្រឹក្សា​សន្តិសុខ។ ក៏ប៉ុន្តែ​ស្របពេល​ស្ថានភាពនៅលើឧបទ្វីប​កូរ៉េបច្ចុប្បន្ន កំពុងជួបភាព​ស្មុគស្មាញ​ស្រាប់​ភាគីទាំងអស់​ គួរតែរក្សាការអត់ធ្មត់ ព្រមទាំងជៀសវាង​រាល់សកម្មភាព​បង្កឱ្យស្ថានភាព​កាន់តែ​ស្មុគស្មាញ»

ដោយឡែក ជុំវិញការសាកល្បងមីស៊ីលនេះដែរ ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae In ​បានកោះប្រជុំ​ជាបន្ទាន់ក្រុមមន្ត្រី​សន្តិសុខជាតិ និងបានថ្កោលទោស​យ៉ាងខ្លាំង​ចំពោះការបាញ់ សាកល្បងមីស៊ីផ្លោង​ពីកូរ៉េខាងជើង។ «បើទោះជាយើង​កំពុងស្វែងរកកិច្ចចរចាក៏ដោយ តែយើងក៏គួរតែបង្ហាញកូរ៉េខាងជើងឱ្យដឹងដែរថា វាអាចធ្វើទៅបាន​លុះត្រាតែកូរ៉េខាងជើង ផ្លាស់ប្ដូរអាកប្បកិរិយាខ្លួនឯងជាមុនសិន»។ នេះជាសម្ដី​លោក Moon Jae In​។

គួរបញ្ជាក់ថា កូរ៉េខាងជើង​បានបាញ់មីស៊ីល​ចេញពីតំបន់ Kusong ស្ថិតនៅ​ចំងាយជិត ១០០គីឡូម៉ែត្រ​ពីភាគពាយ័ព្យទីក្រុង​ព្យុងយ៉ាង កាលពីថ្ងៃអាទិត្យ​ដោយវាអាចហោះ​បានរយៈកម្ពស់ ២.១១១គីឡូម៉ែត្រ និងរត់បានចំងាយ​ ៧៨៧គីឡូម៉ែត្រ។ រីឯសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងធ្វើការវិភាគ​លើសមត្ថភាព និងភាពជោគជ័យ​នៃការធ្វើតេស្ដមីស៊ីល ជាលើកដំបូង​ក្រោយលោក Moon Jae In​ ជាប់ឆ្នោត​ជាប្រធានាធិបតី​កូរ៉េខាងត្បូង៕