(ញូយ៉ក)៖ ក្រុមប្រឹក្សាសន្តិសុខ UN នឹងបើកកិច្ចប្រជុំជាបន្ទាន់មួយ​នៅសប្ដាហ៍នេះ ដើម្បីពិភាក្សាស្ដីពី​ការចាត់វិធានការបន្ទាន់ បន្ទាប់ពីប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមប្រភព​ការទូតជាច្រើន ដកស្រង់ដោយ​ទីភ្នាក់ងារសារព័ត៌មាន​យ៉ុនហាប់ នៅព្រឹកថ្ងៃចន្ទ ទី១៥ ខែ​ឧសភា ឆ្នាំ២០១៧។

ការកោះប្រជុំជា​បន្ទាន់នេះ ធ្វើឡើងតបតាម​សំណើរបស់សហរដ្ឋអាមេរិក និងជប៉ុន រីឯអ៊ុយរ៉ាហ្គាយ ដែលជាប្រធាន​ក្រុមប្រឹក្សាសន្តិសុខ នៅ​ក្នុងខែឧសភានេះបានសម្រេចចិត្តថា នឹងបើកកិច្ចប្រជុំនៅថ្ងៃអង្គារ (ម៉ោងនៅក្នុង​ទីក្រុងញូយ៉ក ត្រូវនឹងថ្ងៃពុធសប្តាហ៍នេះពេលវេលានៅកម្ពុជា)។ ជាមួយគ្នានោះដែរ អគ្គរដ្ឋទូតអាមេរិក​ប្រចាំ UN លោកស្រី Nikki Haley បានសរសេរ​នៅលើ Twitter ផ្ទាល់ខ្លួនដូច្នេះថា «វាមិនមានហេតុផលណាមួយ ដែលអាចការពារសកម្មភាព​របស់កូរ៉េខាងជើងនោះទេ ...វាគឺជាការ​គំរាមកំហែង​យ៉ាងពិតប្រាកដ»

គួរបញ្ជាក់ថា ក្រុមប្រឹក្សា​សន្តិសុខ UN បានអនុម័តលើ​សេចក្ដីថ្លែងការណ៍​ចំនួន០៥ នៅក្នុងឆ្នាំ២០១៧នេះ ដោយថ្កោលទោស ​ការបាញ់សាកល្បងមីស៊ីលកូរ៉េខាងជើង។ ម្យ៉ាងវិញទៀតការបាញ់សាកល្បង​មីស៊ីលកាលពី​ថ្ងៃអាទិត្យ ត្រូវបានអ្នកជំនាញ​មួយចំនួនមើលឃើញថា ជាការ ធ្វើតេស្ដប្រតិកម្ម​របស់ប្រធានាធិបតី​កូរ៉េខាងត្បូង​ថ្មី លោក Moon Jae in ដែលបានពីបង្ហាញ​ពីបំណងស្វែងរក​កិច្ចចរចា ក៏ដូចជា​បំពេញដំណើរទស្សនកិច្ច​ទៅកាន់ទីក្រុង​ព្យុងយ៉ាង៕