(សេអ៊ូល)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានប្រាប់ទៅកាន់សមភាគីកូរ៉េខាងត្បូងលោក មូន ចែអ៊ីន ដែល​ទើប​តែ​​ជាប់​ឆ្នោត​ថ្មីៗ ​នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទមួយនាថ្ងៃសុក្រនេះថា រូបលោកបានត្រៀមលក្ខណៈរួចជាស្រេច ដើម្បីដើរ​តួនាទី​ស្ថាប​នាដ៏សំខាន់មួយ ក្នុងការដោះស្រាយបញ្ហាគំរាមកំហែងអាវុធនុយក្លេអ៊ែរ របស់ប្រទេសកូរ៉េខាងជើង។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​​ដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។

យោងតាមសេចក្តីថ្លែងការណ៍ របស់វិមានប្រធានាធិបតីកូរ៉េខាងត្បូង លោកប្រធានាធិបតីរុស្ស៊ី បានធ្វើការអត្ថាធិប្បាយយ៉ាង​ដូច្នេះ បន្ទាប់ពីលោក មូន ចែអ៊ីន បានលើកឡើងថាកិច្ចការដែលចាំបាច់មុនគេបំផុត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ រវាង​ប្រទេសទាំងពីរ គឺការពង្រឹងទំនងទំនងយុទ្ធសាស្រ្តទ្វេភាគី សំដៅស្វែងរកដំណោះស្រាយ ដើម្បីទប់ទល់ការគំរាមកំហែង​នៃ​អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ម៉្យាងវិញទៀត ក្នុងអំឡុងកិច្ចសន្ទនារយៈពេល ប្រមាណជា២០នាទីនេះ មេដឹកនាំទាំងពីរ​ក៏បានឆ្លៀតឱកាសអញ្ជើញគ្នា ធ្វើដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ ទៅវិញទៅមកថែមទៀតផង។

សូមរំលឹកផងដែរថា កាលពីដើមខែឧសភានេះ មានសេចក្តីរាយការណ៍មួយបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងបាន​បំផ្ទុះ​គ្រាប់​មីស៊ីល​ផ្លោង​របស់ខ្លួនដោយចេតនា នៅក្នុងអំឡុងការធ្វើតេស្តបរាជ័យកាលពី​ចុងខែមេសា​កន្លងទៅ ដោយសារតែមីស៊ីលផ្លោង​នោះបានរត់ខុសគោលដៅ ​ឆ្ពោះទៅកាន់ប្រទេស​រុស្ស៊ី៕