(អង់ការ៉ា)៖ ប្រធានាធិបតី​តួកគី លោក Tayyip Erdogan នៅថ្ងៃសុក្រនេះ​បាននិយាយថា ដំណើរទស្សនកិច្ច​របស់លោកទៅកាន់​សហរដ្ឋអាមេរិក នៅសប្ដាហ៍​ក្រោយនេះ នឹងក្លាយជាការ​ចាប់ផ្ដើមថ្មីមួយ​នៃទំនាក់ទំនង​រវាងប្រទេស​ទំាងពីរ។ នេះបើតាមការ​ចេញផ្សាយដោយ​ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅល្ងាចថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។

ទំនាក់ទំនងរវាង​ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអង់ការ៉ា​បានស្គាល់ភាពតាន​តឹងជាថ្មី ដោយសារតែ​ការខ្វែងគំនិត​ជាច្រើន​ ជុំវិញគោលនយោបាយ​ស្ដីពីស៊ីរី និងរដ្ឋប្រហារនៅតួកគីកាលពី​ខែកក្កដា ឆ្នាំ២០១៦។ ជាក់ស្ដែងកាល​ពីប៉ុន្មានថ្ងៃមុននេះ សហរដ្ឋអាមេរិក បានប្រកាសពី​គំរោងផ្ដល់អាវុធ​ដល់ក្រុមឧទ្ទាម​ឃើដស៊ីរី YPG ដើម្បីប្រយុទ្ធ​ប្រឆាំងនឹងពួក ISIS ប៉ុន្តែការសម្រេច​ចិត្តនេះ ធ្វើឱ្យតួកគី​អាក់អន់ស្រពោនចិត្ត​មិនតិចនោះទេ ពីព្រោះតួកគី​ចាត់ទុកថា YPG គឺជាខែ្សបណ្ដាញ​ក្រុមឧទ្ទាម​ឃើដ PKK ដែលត្រូវបាន​ទីក្រុងអង់ការ៉ា សហរដ្ឋអាមេរិក​ និងអឺរ៉ុប ហៅថាជាអង្គការ​ភេរវកម្ម។

ទាក់ទិននឹងបញ្ហានេះ​ដែរ លោក Erdogan បានលើកឡើង​នៅក្នុង​សន្និសីទសារព័ត៌មានមួយ​យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិក​នៅតែបន្ត​ឆ្លងកាត់​ដំណាក់កាល​អន្តរកាល​នៅឡើយ រីឯការសម្រេចចិត្ត​ដូចជាការផ្ដល់​អាវុធឱ្យ YPG គួរតែត្រូវបាន​ដកចេញពី​នយោបាយ​អាមេរិក»។

គួរបញ្ជាក់ថា លោក Erdogan នឹងត្រូវជួប​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នៅក្នុងដំណើរ​ទស្សនកិច្ចទៅ​កាន់ទីក្រុងវ៉ាស៊ីនតោន ពីថ្ងៃទី១៦-​១៧ ខែឧសភាខាងមុខនេះ៕