(​សេអ៊ូល)៖ គណៈកម្មាធិការកិច្ចការ​បរទេស​កូរ៉េខាងជើង បានផ្ញើលិខិត​តវ៉ាមួយច្បាប់​ទៅកាន់សភា​អាមេរិក ដើម្បីសម្ដែងការ​ជំទាស់ទៅនឹង​ការអនុម័ត ច្បាប់ដាក់ទណ្ឌកម្មប្រឆាំង​នឹងទីក្រុង​ព្យុងយ៉ាង។ នេះបើតាម​សារព័ត៌មាន​កូរ៉េខាងជើង KCNA ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ នៅរសៀលថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។

កាលពីសប្ដាហ៍មុន​សភាអាមេរិក បានអនុម័តលើ​ច្បាប់ដាក់ទណ្ឌកម្ម​យ៉ាងតឹងរ៉ឹង ដោយមាន​គោលដៅ ទៅលើការនាំ​ចូលប្រេងឥន្ធនៈរបស់កូរ៉េខាងជើង ការនាំចេញពលករ​ទៅក្រៅប្រទេស រួមទំាងការ​ធ្វើ​នាវាចរអន្តរជាតិជាដើម ហើយច្បាប់នេះ​ទៀតសោត នឹងត្រូវបញ្ជូន​បន្តទៅកាន់​ព្រឹទ្ធសភា អនុម័ត។ ដោយឡែក​ទាក់ទិននឹង​ទណ្ឌកម្មនេះដែរ នៅក្នុងការបញ្ចេញប្រតិកម្មជាផ្លូវការ​ជាលើកដំបូង ចាប់តំាងពី​ត្រូវបានបង្កើត​ឡើងវិញ​កាលពីខែមេសា គណៈកម្មាធិការ​កិច្ចការបរទេស​កូរ៉េខាងជើង បានថ្កោល​យ៉ាងខ្លាំង និងទាត់ចោលច្បាប់នេះ ដោយបញ្ជាក់​នៅក្នុងលិខិត​តវ៉ាដូច្នេះថា «ច្បាប់ដាក់​ទណ្ឌកម្ម​អនុម័ត ដោយសភាអាមេរិក គឺជាទង្វើឃោរឃៅ​ និងអមនុស្សធម៌ ព្រមទាំងរំលោភលើដែន​អធិបតេយ្យភាព​កូរ៉េខាងជើង និងគោល​ការណ៍ជាសកល មិនជ្រៀតជ្រែក​ចូលកិច្ចការផ្ទៃក្នុង​នៃប្រទេសដទៃ។ ដូច្នេះកូរ៉េខាងជើង នឹងតាមឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ​ចំពោះសកម្មភាពបន្ទាប់របស់ សហរដ្ឋអាមេរិក ក៏ដូចជាបន្តចាត់វិធានការស្របច្បាប់ដើម្បីការពារខ្លួនឯង ប្រឈមមុខនឹង​គោលនយោបាយ​អរិភាពអាមេរិក ​ប្រឆាំងនឹងកូរ៉េខាងជើង»

គួរបញ្ជាក់ថា គណៈកម្មាធិការ​កិច្ចការបរទេស​កូរ៉េខាងជើង ត្រូវបានបង្កើត​ឡើងវិញ​កាលពីថ្ងៃទី១១ ខែមេសា បន្ទាប់ពីគ្មានសកម្មភាព​អស់រយៈពេលជាង ១៩ឆ្នាំមកហើយ រីឯអតីតរដ្ឋមន្ត្រី​ការបរទេស​ លោក Ri Su-yong បានជាប់ឆ្នោតក្លាយ​ជាប្រធានដឹកនាំ​គណៈកម្មាធិការ​មួយនេះ៕