(រ៉ូម)៖ អាជ្ញាធរអ៊ីតាលី​បានឲ្យដឹងថា​ គ្រាប់បែកកែឆ្នៃមួយគ្រាប់បានផ្ទុះឡើង​នៅក្បែរប៉ុស្តិ៍ប្រៃសណីយ៍​មួយកន្លែង ស្ថិតនៅចំ​កណ្តាល​បេះដូងនៃ​ទីក្រុងរ៉ូម ក្នុងប្រទេស​អ៊ីតាលី ខណៈប៉ូលិស​កំពុងតែ​បើកការ​ស៊ើបអង្កេតបន្ទាន់លើរឿងនេះ។ នេះបើតាមការចេញ​ផ្សាយដោយ​សារព័ត៌មាន Independent នៅរសៀល​​ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។

គួរបញ្ជាក់ថា គ្រឿងផ្ទុះខាងលើនេះត្រូវបានគេបង្កប់​នៅចន្លោះរថយន្តចំនួន​ពីរគ្រឿង ដែលចតចោល​នៅក្នុងកន្លែងចត​រថយន្ត​មួយកន្លែង​ក្នុងតំបន់ Via Marmorata ភាគកណ្តាល​ទីក្រុងរ៉ូមតែម្តង ហើយនាពេលភ្លាមៗ​ពុំមានសេចក្តី​រាយការណ៍ បញ្ជាក់ពី​មនុស្សរងគ្រោះ​ដោយសារហេតុការណ៍នេះ​ឡើយ ដោយមានត្រឹមតែ​រថយន្តមួយគ្រឿងរងការខូចខាត​ប៉ុណ្ណោះ។

បន្ថែមពីនេះ ក៏មិនទាន់មានសេចក្តីរាយការណ៍ ឬមន្ត្រីរដ្ឋាភិបាលអ៊ីតាលី​ចេញមុខអះអាងថា ព្រឹត្តិការណ៍ខាងលើនេះ អាចជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មដែរ ឬមួយក៏អត់នោះដែរ៕