(សេអ៊ូល)៖ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងជើងនាថ្ងៃសុក្រនេះ បានបញ្ចេញបញ្ជីឈ្មោះនៃបុគ្គល ដែលរបបដឹកនាំទីក្រុងព្យុងយ៉ាងបាន​អះអាងថា មានជាប់ពាក់ព័ន្ធនៅក្នុងគម្រោងការណ៍ដ៏ខ្មៅងងឹតមួយ របស់ទីភ្នាក់ងារអាមេរិកនិងកូរ៉េខាងត្បូង ដើម្បីលួចធ្វើឃាត​មេដឹកនាំកំពូលផុតលេខលោក គីម ជុងអ៊ុន ហើយកូរ៉េខាងជើងក៏បានទាមទារ ឲ្យមានការប្រគល់ខ្លួន​ឧក្រិដ្ឋជនទាំងនោះ​ផង​ដែរ។ នេះបើតាមការចេញផ្សាយដោយសារទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃសុក្រ​ ទី១២ ខែឧសភា ឆ្នាំ២០១៧។

ការិយាល័យរដ្ឋអាជ្ញាសាធារណៈមជ្ឈិម នៃប្រទេសកូរ៉េខាងជើង បានបញ្ចេញបញ្ជីឈ្មោះនៃ​ជន​សង្ស័យ សរុប​ចំនួន​បួន​នាក់ រួមមានទាំងនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង លោក Lee Byong-ho ផងដែរ ហើយបាន​បញ្ជាក់ថាខ្លួន​នឹង​មិន​លើក​​លែងឲ្យបុគ្គលទាំងអស់នេះជាដាច់ខាត។ ជាមួយគ្នានេះ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងជើង បានប្រកាសអំពី​ការ​ចោទ​ប្រកាន់​របស់​​ពួកគេជាផ្លូវការ នៅក្រោមក្រមព្រហ្មទណ្ឌនៃប្រទេសកុម្មុនិស្តមួយនេះ ដោយអំពាវឲ្យ​មានការប្រគល់ខ្លួនបុគ្គលទាំង​បួនរូប​ជាបន្ទាន់ ពីសំណាក់ទីក្រុងសេអ៊ូលនិងទីក្រុងវ៉ាស៊ីនតោន។

គួរបញ្ជាក់ថាកាលពីសប្ដាហ៍មុន សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចោទប្រកាន់ថាទីភ្នាក់ងារ CIA និងកូរ៉េខាងត្បូង បាន​និង​កំពុងដឹកនាំគំរោងលួចធ្វើ ឃាតមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយប្រើសារធាតុគីមីពុល ក៏ប៉ុន្តែ​ការ​អះអាង​នេះ​​ពុំអាចត្រូវបញ្ជាក់បានថាជាការពិតនោះឡើយ​ ស្របពេលដែលទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង បានទាត់ចោលការ​ចោទប្រកាន់ទាំងអស់៕