(វ៉ាស៊ីនតោន)៖ ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង បានព្រមព្រៀងគ្នាថា​ នឹងពង្រីកការធ្វើ​ពាណិជ្ជកម្ម​សាច់គោ និងសាច់មាន់ ព្រមទាំងបើកទូលាយ​សិទ្ធិឲ្យដំណើរ​នៃក្រុមហ៊ុន​ហិរញ្ញវត្ថុ ដែលវាគឺជា​ផ្នែកមួយនៃ​គម្រោងការ ដើម្បីកាត់បន្ថយឱនភាព​ពាណិជ្ជ​​កម្មរបស់​​សហរដ្ឋអាមេរិក ជាមួយនឹង​ប្រទេសចិន។ នេះបើតាម​ការឲ្យដឹងពី​រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម​អាមេរិក លោក Wilbur Ross ដក​ស្រង់ដោយ​ទីភ្នាក់ងារ​ព័ត៌មានចិន Reuters នៅរសៀល​ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។

ប្រទេសទាំងពីរ​បានឯកភាពគ្នាថា ចិននឹងផ្តល់​ការអនុញ្ញាត​ចំពោះការនាំចូល​ផលិតផល​សាច់គោ មិនឲ្យយឺតយ៉ាវ​​ជាង​ថ្ងៃទី១៦ ខែកក្កដា ខាងមុខនោះ​ឡើយ ហើយនៅពេល​វេលាកំណត់នេះ​ដដែលនេះ ភាគីអាមេរិក​បានឲ្យដឹងថា​ ខ្លួននឹងដាក់ចេញ​​សំណើរ​នៃ​​បទបញ្ញត្តិមួយ ដើម្បីអនុញ្ញាត​ផលិតសាច់មាន់​ដែលឆ្អិនស្រា​ប់របស់ចិន ឲ្យធ្វើការនាំចូល​មកកាន់ទីផ្សារ​សហរដ្ឋអាមេរិក។ បន្ថែមពីនេះ​រដ្ឋាភិបាល​​ទីក្រុងប៉េកាំង ក៏នឹងអនុញ្ញាត​ក្រុមហ៊ុនផ្តល់​សេវាហិរញ្ញវត្ថុអាមេរិក មានឱកាស​​ប្រកួត​ប្រជែង​ស្មើ​ភាព​​នៅក្នុងប្រទេសចិន​ផងដែរ។

យ៉ាងណាមិញ​កិច្ចព្រមព្រៀងខាងលើ គឺជាសមិទ្ធិ​ផលជាក់ស្តែង​ដំបូងបំផុត បានមកពី​កិច្ចពិភាក្សាស្តី​ពីវិស័យពាណិជ្ជកម្ម​​ ដែល​បានចាប់​ផ្តើមកាលពី​ខែមេសាកន្លងទៅ បន្ទាប់ពីប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីចិន​លោក ស៊ី ជិន​ពីង បានជួបទល់មុខ​គ្នា នៅក្នុងរដ្ឋ​ផ្លូរីដា ដើម្បីធ្វើការពិភាក្សា​អំពីកិច្ចសហប្រតិបត្តិការ​ រវាងមហាអំណាចសេដ្ឋកិច្ច​ពិភពលោក​​ទាំងពីរនេះ៕