(​តៃប៉ិ)៖ តៃវ៉ាន់នឹងបន្តទិញអាវុធពី​សហរដ្ឋអាមេរិក ហើយដែលការទិញនេះនឹងជំរុញកំណើន​ការងារក្នុងរដ្ឋ​យ៉ាងតិច០៦ របស់​សហរដ្ឋអាមេរិក ព្រមទំាងអាច​កាត់បន្ថយ​គម្លាតពាណិជ្ជកម្ម​ទ្វេភាគី​ រវាងភាគីទំាងពីរ បើទោះជា​ការធ្វើបែបនេះ នឹងធ្វើឱ្យទីក្រុង​ប៉េកាំង ខឹងច្រឡោត​ខ្លាំងក៏ដោយ។ នេះបើតាម​រដ្ឋាភិបាល​កោះតៃវ៉ាន់ ដកស្រង់ដោយ​សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។

យោងតាមរដ្ឋាភិបាលកោះតៃវ៉ាន់ គំរោងបន្តទិញអាវុធនេះ​នឹងជំរុញកំណើនសេដ្ឋកិច្ច​នៅក្នុងតំបន់ ក៏ដូចជាបង្កើនការងារ​នៅក្នុងរដ្ឋចំនួន ០៦ របស់​សហរដ្ឋអាមេរិក​ដូចជារដ្ឋ Alabama, Arizona, Florida, Utah, Ohio រដ្ឋ Pennsylvania។ ចំណែកឯ​ក្រុមហ៊ុនអាមេរិក​ដូចជា Raytheon Co, Lockheed Martin Co, Boeing Co, Sikorsky និង BAE Systems PLC ក៏នឹងទទួល​បានផលចំណេញ​ពីគំរោងនេះដែរ​ តាមរយៈការលក់ ប្រព័ន្ធខែល​ការពារមីស៊ីល, ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ, យន្តហោះ​ចម្បាំង, និងយានយន្ត​យោធាជាច្រើន​ប្រភេទទៀត។

គួរបញ្ជាក់ថា គិតពី​ឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥ កោះតៃវ៉ាន់​គឺជាអតិថិជន​ទី០៧ ដែលទិញអាវុធ​ច្រើនជាងគេ​ពីសហរដ្ឋអាមេរិក ហើយបើគិតជា មធ្យម​ការទិញអាវុធនេះ​ មានតម្លៃដល់​ជាង​២ពាន់លានដុល្លារ ប្រចំាឆ្នាំ​នីមួយៗ។ ទោះបីជាយ៉ាងណាក៏ដោយ ចិនតែងតែ​ថ្កោលទោស​ជារឿយៗចំពោះ ពាណិជ្ជកម្ម​អាវុធរវាង​សហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ត្បិតទីក្រុង​ប៉េកាំងចាត់ទុក​តៃវ៉ាន់ ជាផ្នែកមួយនៃ​ទឹកដី​របស់ខ្លួន។ ប៉ុន្តែជាក់ស្ដែង​សួរថា មិនឱ្យ​តៃវ៉ាន់ទិញអាវុធ​ពីសហរដ្ឋអាមេរិក យ៉ាងមេច​ទៅរួច បើចិនដាក់ពង្រាយ​មីស៊ីល​ជាង ១,៥០០ដើម ក្បែរក្បាល​ទៅកាន់កោះតៃវ៉ាន់​រួចជាស្រេច​ នៅរង់ចាំតែការចុចប៊ូតុងបញ្ជាតែប៉ុណ្ណោះ នៅក្នុងករណី​កោះតៃវ៉ាន់ហ៊ាន​ប្រកាសឯករាជ្យ៕