(វ៉ាស៊ីនតោន)៖ នាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិអាមេរិក លោក Daniel Coats បាននិយាយថា កូរ៉េខាងជើង​គឺជាការគំរាមកំហែងដ៏ខ្លាំងបំផុតដល់ សហរដ្ឋអាមេរិកជាមួយនឹង​ការចំរើនទៅមុខ នៃសមត្ថភាព​អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង។ នេះបើតាមការ​ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន​យ៉ុហាប់ នៅរសៀលថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០១៧។

ថ្លែងនៅចំពោះមុខគណៈកម្មាធិការ​ស៊ើបអង្កេត​ព្រឹទ្ធសភា លោក Daniel Coats បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «កូរ៉េខាងជើង​គឺជាការគំរាមកំហែង​ដ៏ធ្ងន់ធ្ងរបំផុត ដល់សន្តិសុខជាតិ​អាមេរិក ដោយសារ​តែការរីកចំរើន​ទៅមុខមិន​អាចប្រកែកបាន នៃសមត្ថភាព​អាវុធនុយក្លេអ៊ែរ និងមីស៊ីលផ្លោង ហើយ នេះនឹង​ក្លាយជាយុទ្ធសាស្ត្រ​ឈ្លានពាន​របស់មេដឹកនាំ គីម ជុងអ៊ុន ដែលកំពុង​ព្យាយាម​បង្ហាញថា ខ្លួនមានសមត្ថភាព​វាយប្រហារ​សហរដ្ឋអាមេរិក ដោយអាវុធ​នុយក្លេអ៊ែរ»។   

ទោះបីជាយ៉ាងណាក៏ដោយ ការលើកឡើង​បែបនេះ លោក Daniel Coats ហាក់ដូចជា​មានបំណង​ដាស់តឿន ពីការគំរាមហែង​របស់ទីក្រុងព្យុងយ៉ាង ប្រាប់ទីក្រុង​សេអ៊ូល ខណៈប្រធានាធិបតី​កូរ៉េខាងត្បូងថ្មី លោក មូន ជេអ៊ីន បង្ហាញពី​បំណងចង់ផ្សះផ្សា​នឹងកូរ៉េខាងជើង ដែលនេះអាច​នឹងធ្វើឱ្យប៉ះពាល់​ដល់ ផលប្រយោជន៍ជា​យុទ្ធសាស្ត្រអាមេរិកនៅក្នុងតំបន់។ បើសិនជា  កូរ៉េខាងជើង និងកូរ៉េខាងត្បូង មានថ្ងៃណាមួយ​ត្រូវរ៉ូវគ្នា​មែននោះ កងទ័ពអាមេរិក​នៅកូរ៉េខាងត្បូង ក៏គ្មានហេតុផល​អ្វីត្រូវបន្តឈរជើង​នៅទីនោះទៀតដែរ ដែលនេះ​នឹងធ្វើឱ្យចិន កាន់តែសប្បាយចិត្ត​ ក្នុងការពង្រីក​ឥទ្ធិពលយោធា​របស់ខ្លួននៅ​ក្នុងតំបន់៕